(ព្រះសីហនុ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ, ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការជួរមុខគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងលោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងចូលរួមពីផ្នែកពាក់ពន្ធ័មួយចំនួនទៀត បាននាំយកកុងតឺនរ័ចាស់ៗ ទៅទម្លាក់ចូលក្នុងបាតសមុទ្រ នៅកោះរ៉ុងសន្លឹម ដើម្បីធ្វើជារបាំងការពារជីវៈចម្រុះ និងផ្កាថ្មក្នុងតំបន់នោះ។

បើតាមការបញ្ជាក់របស់មន្ត្រីបានឲ្យដឹងថា ការនាំយកកុងតឺនរ័ចាស់ៗ មកទម្លាក់ចូលក្នុងបាតសមុទ្រនេះ គឺជាវិធានការជាក់លាក់មួយ ដែលការពារមិនឲ្យអ្នកនេសាទ អាចចូលទៅនេសាទក្បែរឆ្នេរទីកន្លែង ដែលមានផ្កាថ្ម ឬជីវៈចម្រុះផ្សេងៗ និងសម្រាប់ធ្វើជាទីជម្រក មច្ឆាជាតិផងដែរ។

លោក យន្ត មីន បានថ្លែងថា វិធានការនេះ និងធ្វើជាបន្តបន្ទាប់ទៀត ជាមួយនឹងការថ្លែងអំណរគុណ ដល់គណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រព្រមទាំងសប្បុរសជន ដែលផ្តួចផ្តើម ធ្វើការងារនេះ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយការពារជីវៈចម្រុះ បាតសមុទ្រឲ្យបានល្អ៕