(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី​ ដែលកំពុងស្ថិតនៅប្រទេសថៃ បានថ្លែងប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះថា រូបលោកកំពុងពិភាក្សាជាមួយមេធាវីលើករណីការកោះហៅនៅតុលាការ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។

ឆ្លើយនឹងសំណួរសួរថា តើលោក ជុន ច័ន្ទបុត្រ នឹងចូលបំភ្លឺនៅតុលាការឬយ៉ាងណា ? លោក ជុន ច័ន្ទបុត្រ បានអះអាងតាមទូរស័ព្ទដោយផ្ទាល់ប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំកំពុងពិភាក្សាជាមួយមេធាវីសិន លើការកោះហៅរបស់តុលាការ»

មន្រ្តីជាន់ខ្ពស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Thai Airway នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង១៥៖០៤នាទី។

អ្នកច្បាប់បានលើកឡើងថា ការចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃរបស់លោក ជុន ច័ន្ទបុត្រ មិនខុសច្បាប់ទេ ព្រោះដីការបស់តុលាការ មិនបានហាមឃាត់ លោក ជុន ច័ន្ទបុត្រ មិនឲ្យចាកចេញទៅក្រៅប្រទេសនោះទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ធ្លាប់បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «តំណាងអយ្យការអាចនឹង ឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ នៅថ្ងៃចូលខ្លួន ប្រសិនរកឃើញធាតុផ្សំនៃបទល្មើស​ព្រហ្មទណ្ឌណាមួយ។ បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើតំណាងអយ្យការ ពិនិត្យឃើញថា មានភស្តុតាងដែលកំណត់បាននូវធាតុផ្សំ នៃបទល្មើសព្រហ្មទណ្ឌណាមួយពាក់ព័ន្ធ នឹងសកម្មភាព​របស់ជនសង្ស័យ ក្រោយពីការសាកសួរនៅថ្ងៃចូលខ្លួននោះ តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃនោះតែម្តង ដើម្បីអនុវត្ត នីតិវិធីបន្ត, ហេតុនេះករណីលោក ជុន ច័ន្ទបុត្រ ក៏ដូចគ្នានេះដែរ! ហើយប្រសិនបើមិនចូល តុលាការនឹងបន្តនីតិវិធីរបស់ខ្លួន»។

ប្រជាពលរដ្ឋខ្មែរម្នាក់ ដែលកំពុងនៅទីក្រុងបាងកក បានប្រាប់បណ្តាញព័ត៌មាន Fresh News ពីប្រទេសថៃឲ្យដឹងថា រូបលោកបានឃើញ ជុន ច័ន្ទបុត្រ ផ្ទាល់ពាក់មួក និងវ៉ែតា អង្គុយហូបអាហារជាមួយបុរសម្នាក់ទៀត នៅក្នុងហាងមួយ ម្ដុំតំបន់ដែលខ្មែររស់នៅ ឈ្មោះ «ប៉ាត់ទូណាម» នៅទីក្រុងបាងកក ប្រទេសថៃ។ ប្រជាពលរដ្ឋរូបនេះបានបញ្ជាក់ថា នៅពេលឃើញលោក ជុន ច័ន្ទបុត្រ ដោយចៃដន្យនៅវេលាម៉ោងប្រមាណជិត១០យប់មិញ ពេលនោះលោកក៏យកទូរស័ព្ទ ចង់ថត ប៉ុន្ដែដោយសារដឹងខ្លួន លោក ជុន ច័ន្ទបុត្រ ក៏បានដើរចេញពីហាងនោះទៅបាត់តែម្ដង។

សូមជំរាបថា ទាំង​លោក​ ឡុង​ រី​ និង​ លោក​ស្រី​ មូរ​ សុខ​ហួរ​ ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បំពេញ​កាតព្វកិច្ច​ចូល​បំភ្លឺ ​ក្នុង​នាម​ជា​សាក្សី​ចំពោះ​មុខ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញរួច​ហើយ​។​ មជ្ឈដ្ឋាន​មួយ​ចំនួន​រង់ចាំ​មើល​ថា​ តើ​លោក​ ហួត​ ឃីន​វុទ្ធី​ ហៅ​ ជុន​ ច័ន្ទ​បុត្រ​ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា​ ហ៊ាន​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​ដែរ​ឬទេ​ ?​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ធ្លាប់​ព្រមាន​ថា​ តំណាង​អយ្យការ​អាច​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ ប្រសិន​បើ​រក​ឃើញ​ធាតុ​ផ្សំ​នៃ​បទល្មើស​ព្រហ្មទណ្ឌ​។

កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ហួត វុទ្ធី​ ហៅ​ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្ស សង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃ។ ចំពោះករណីនេះតុលាការសម្រេចចេញដីកាកោះហៅជនសង្ស័យ ជុន ច័ន្ទបុត្រ មកបំភ្លឺនៅតុលាការនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕