(កណ្តាល)៖ លោក សេង អាយុ ៣២ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់ បានទូរស័ព្ទប្រាប់ Fresh News ថា កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ មានឈ្មួញលួចបូមខ្សាច់ នៅចំងាយប្រហែល ១០ម៉ែត្រពីច្រាំងទន្លេបាសាក់ ចំនួន ២ទូកធំៗ ស្ថិតនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដោយគ្មានអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធចុះទៅទប់ស្កាត់នោះឡើយ។

លោក សេង ដែលជាប្រជាពលរដ្ឋបានអះអាងថា ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បានបាក់ចូលទន្លេកាលពីឆ្នាំមុន ដោយសារការបូមខ្សាច់នោះបានបញ្ជាក់ថា «ក្រោយការបូមរួច ឈ្មួញបានដឹកខ្សាច់យកដាក់ នៅដេប៉ូខ្សាច់ របស់ឈ្មោះ សុង ស្ថិតនៅ ភូមិស្វាយតានី ឃុំព្រែកគយ ហើយការលួចបូមនេះ មានរយៈពេលប្រហែលជាងមួយម៉ោង»។ ប្រជាពលរដ្ឋរូបនេះ ក៏បានទូរស័ព្ទទៅកាន់លេខទូរស័ព្ទរបស់ក្រសួងរ៉ែ និងថាមពលផងដែរ ប៉ុន្តែត្រូវបានអ្នកលើកទូរស័ព្ទប្រាប់មកវិញថា នឹងប្រាប់ទៅថ្នាក់លើ តែរហូតមកដល់ រសៀលថ្ងៃដដែលនេះ ពួកគាត់មិនទាន់ឃើញ មានមន្រ្តីរបស់ក្រសួងចុះទៅមើលឡើយ៕