(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ តាមបណ្តាខណ្ឌ ដែលមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមសាលានានា បានបើកយុទ្ធនាការចុះផ្លូវសំអាតបរិស្ថាន អនាម័យ ដើម្បីអបអរសាទរ ទិវាបរិស្ថាន ០៥ មិថុនា ក្រោមប្រធានបទ «ប្រាំពីរពាន់លានសុបិន ភពផែនដីតែមួយ ការរស់នៅដោយចីរភាព»។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា នេះជាយុទ្ធនាការសំអាតបរិស្ថាន ទូទាំងពិភពលោក និងប្រទេសកម្ពុជាយើងផងដែរ ដោយក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង រួចហើយឲ្យអាជ្ញាធរតាមខណ្ឌ ក៏ដូចជាគ្រប់អង្គភាព ស្ថាប័នទាំងអស់ ត្រូវចូលរួមបំផុសអោយមន្រ្តីរបស់ខ្លួន និងប្រជាពលរដ្ឋ ចូលរួមសំអាតបរិស្ថានអនាម័យ បានគ្រប់ៗគ្នា ហើយជាក់ស្តែងនៅព្រកនេះយើងឃើញថា មានមន្រ្តី និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមក្នុងយុទ្ធនាការសង្គមមួយនេះ យ៉ាងសស្រាក់សស្រាំ ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា សម្រាប់ទិវានេះ សាលារាជធានីភ្នំពេញ បានរៀបចំធ្វើឡើង នៅមុខវត្តឧណ្ណាលោម ខណ្ឌដូនពេញ ហើយពេលចប់យើងចែកជា ២ក្រុម មួយក្រុមចុះសំអាតបរិស្ថាន តាមមាត់ទន្លេ រហូតដល់វិមានឯករាជ្យ និងមួយក្រុមទៀត ចុះសំអាតជុំវិញផ្សារកណ្តាល ផ្សារចាស់ និងរហូតដល់វត្តភ្នំ ។

យុទ្ធនាការសង្គមមួយនេះត្រូវបាន មន្រ្តីសាលារាជធានីភ្នំពេញ អះអាងថា តែងតែធ្វើឡើងជារៀងរាល់ឆ្នាំដើម្បី លើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋទូទៅ និងជំរុញឲ្យមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់ ក៏ដូចជា រក្សាបរិស្ថាន អនាម័យ កាន់តែមានភាពល្អប្រសើរឡើង សម្រាប់សង្គមជាតិទាំងមូល៕