(ភ្នំពេញ)៖ រថយន្ត១គ្រឿងម៉ាក Lexus GS300 បើកដោយបុរសម្នាក់ បានជ្រុលទៅបុករថយន្ត២គ្រឿង គឺម៉ាក Audi និងម៉ាក Prius រងការខូចខាតធ្ងន់ តែពុំមានមនុស្សរងរបួសនោះទេ ដោយហេតុការណ៍នេះ បានកើតឡើងនាម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧ តាមផ្លូវលេខ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សាក្សីបានឲ្យដឹងថា មុនកើតហេតុគេបានឃើញ រថយន្តបង្កម៉ាក Lexus GS300 ពណ៌ស គ្មានស្លាកលេខ បើកដោយបុរសម្នាក់ តាមផ្លូវលេខ៥៥ ពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ រថយន្តបង្កនោះបានបើកទៅបុករថយន្ត Audi ដែលបើកពីជើងទៅត្បូង បណ្តាលឲ្យវិល៣ទៅ៤ជុំ និងជ្រុលទៅបុករថយន្ត Prius ដែលម្ចាស់ចតចោល ទៅរាំក្នុងក្លឹបបណ្តាលឲ្យរងការខូចខាតទាំង៣គ្រឿង តែពុំបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។

បន្ទាប់ពីបុកហើយ រថយន្តបង្កបានព្យាយាម បើករត់តែដោយសារ រថយន្តខូចខខាងមុខខ្លាំងពេក មិនអាចបើករត់បានឆ្ងាយក៏ឈប់ទុកចោល រួចម្ចាស់ក៏គេចចេញទៅបាត់ទៅ។

ក្រោយកើតហេតុរថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នា៕