(ក្រចេះ)៖ លោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបញ្ជាក់ថា កម្លាំងរបស់លោកបានចាប់ខ្លួនមន្រ្តី អង្គការការពារបរិស្ថានម្នាក់ បន្ទា​ប់ពីប្រជាពលរដ្ឋបានប្តឹង រឿងចាប់ជំរិតទារលុយពីគាត់ គ្រាន់តែដឹកតាមគោយន្តកន្រ្តៃយ៍ ចំនួន១៥០០០រៀល។

លោកបានបញ្ជាក់ថា ការចាប់ខ្លួន មន្រ្តីអង្គការនេះ​បានធ្វើឡើង នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោក នូ ចាន់ផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ វឿន  ប៊ុនធឿន អាយុ២៤ឆ្នាំ ដែលត្រូវបានប្រជាពលរដ្ឋ មានឈ្មោះ ដួង ស្រីថាវ ភេទស្រី បានចាប់ជំរិតទារលុយពីគាត់ចំនួន១៥០០០រៀល ពេលដឹកឈើតាម គោយន្ត កន្រៃយ៍។

បន្ទាប់ពីសួរនាំរួច ជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តដើម្បីចាត់ការ តាមផ្លូវច្បាប់៕