(ភ្នំពេញ)៖ ករណីរឿង «យុវតីម្នាក់សុំថៅកែហាងលក់សាច់ឆ្កែឈប់ពី​ការងារ ហើយសុំបើក​ប្រាក់ខែមុន តែថៅកែ​មិនព្រម ក៏ដាច់ចិត្ត​លួចលុយ​៣០ដុល្លារ ត្រូវចាប់​ដាក់ខ្នោះបញ្ជូនឡើង​តុលាការ ព្រោះគ្មាន​លទ្ធភាព​សងលុយ ​១ពាន់ដុល្លារ តាមការទាមទាររបស់ថៅកែ» ហើយត្រូវបានឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ចេញមុខអន្តរាគមន៍ស្វែងរកយុត្តិធម៌ឲ្យយុវតីរូបនេះ ព្រោះវាជាទង្វើដែលមិនអាចទទួលយកបាន, នៅពេលនេះក៏មានឧកញ៉ា ហ៊ុន ជា ចេញមកស្នើអភិបាល ខណ្ឌឫស្សីកែវ ត្រួតពិនិត្យអំពីករណីប្អូនស្រីម្នាក់នេះឲ្យបានច្បាស់លាស់ផង និងធានាជួយសងប្រាក់នេះទៅវិញ ដើម្បីអាចជួយបញ្ចប់បញ្ហា។

ឧកញ៉ា ហ៊ុន ជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៧ ខែកុម្ភៈនេះថា «ករណីនេះសូមលោកអភិបាលខណ្ឌឫស្សីកែវ មេត្តាជួយត្រួតពិនិត្យអំពីករណីប្អូនស្រីម្នាក់នេះឲ្យបានច្បាស់លាស់ផង ព្រោះខ្ញុំគិតថាប្អូនស្រីអាចមានបញ្ហាអ្វីមួយដូចជា ការគាបសង្កត់ ឬក៏ទុកធុរៈចាំបាច់នៅក្នុងក្រុមគ្រួសារ ដែលធ្វើឲ្យប្អូនមិនអាចបន្តនៅធ្វើការក្នុងហាងនោះបានតទៅទៀត។ ហើយប្អូនស្រីក៏មិនបានលួចយកលុយរបស់ម្ចាស់ហាង យ៉ាងច្រើនសន្ធឹកសន្ធាប់នោះឡើយ គឺប្អូនស្រី បានយកត្រឹមតែ៣០ដុល្លារ សំរាប់ធ្វើជាសោហ៊ុយត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះ ! ប្រសិនបើរឿងប្រាកដមែននោះ ខ្ញុំនឹងចេញលុយសងទៅម្ចាស់ហាងវិញ រួមទាំងសំណងជំងឺចិត្តជំនួសប្អូនស្រីម្នាក់នេះ ដើម្បីបញ្ចប់បញ្ហា»

ចំពោះករណីនេះភ្លាមៗបន្ទាប់ពីចេញផ្សាយនៅរសៀលថ្ងៃមិញនេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតប្រមុខដឹកនាំការបរទេសកម្ពុជា បានទូរស័ព្ទថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំសុំចេញមុខទទួលខុសត្រូវ និងសងលុយលើរឿងនេះ វាយុត្តិធម៌ពេកហើយ ទោះបីត្រូវការមេធាវី ការពារក្តីនៅតុលាការ ក៏ខ្ញុំត្រូវជួលមេធាវីឲ្យធ្វើដែរ ខ្ញុំស្អប់ខ្ពើមភាពអយុត្តិធម៌នេះណាស់»

ការប្រតិកម្មភ្លាមៗដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងឧកញ៉ាបែបនេះ ធ្វើឡើងបន្ទាប់ពីថៅកែហាងលក់សាច់ឆ្កែ ប្តឹងយុវតីម្នាក់ដាក់គុកព្រោះតែរឿងលុយ ៣០ដុល្លារប៉ុណ្ណោះ។ ហាងលក់សាច់ឆ្កែដែលមានថៅកែចិត្តឃោឃៅនេះមាន​យីហោ «ស្រីពៅ៩៩» ទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ យុវតីដែលត្រូវសមត្ថកិច្ច ចាប់ខ្លួនមានឈ្មោះ ទូច ស្រីគន្ធ អាយុ១៧ឆ្នាំ​ មានស្រុកកំណើតភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលមានម្តាយជាប្រជាពលរដ្ឋក្រីក្រ។

ម្តាយយុវតីម្នាក់នេះ បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ថា កូនស្រីរបស់គាត់បានចូលបម្រើការងារក្នុងហាងស្រីពៅ​៩៩ ជិតមួយឆ្នាំ ហើយទើបមិនដែលមានបញ្ហាអីនោះទេ ទើបតែពេលនេះនាងក៏សម្រេចចិត្តសុំឈប់ពីការងារនេះ និងសុំថៅកែ​បើកប្រាក់ខែមុន តែថៅកែមិនព្រមបើកប្រាក់ខែឲ្យ ហើយក៏ដាច់ចិត្តលួចលុយចំនួន ៣០ដុល្លារ គ្រាន់ទុកសម្រាប់ធ្វើជា​សោហ៊ុយទៅ​ស្រុកកំណើតវិញ។

បន្ទាប់ពីបានដឹងថា ខ្លួនបានបាត់ប្រាក់៣០ដុល្លារ ក៏ថៅកែហាងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែ លុះនៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍ក៏តាមចាប់ខ្លួនបាន។

បន្ទាប់ពីឃាត់ខ្លួន យុវតីរូបនេះត្រូវបានឃុំខ្លួននៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ហើយក្រុមគ្រួសារ បានធ្វើការទំនាក់ទំនងដោះស្រាយ តែខាងនគរបាលប៉ុស្តិ៍ តម្រូវឲ្យខាងក្រុមគ្រួសារបង់ថវិកាចំនួន ១០០០ដុល្លារ (មួយពាន់ដុល្លារ) ជូនទៅថៅកែហាងតាមការទាមទារ។ ដោយសារតែក្រុមគ្រួសាររបស់នាង ​ពុំមានលទ្ធភាពក្នុងការសងសំណងនេះ​ ខាងប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ក៏ចាប់បញ្ជូននាង​បន្តទៅអធិការខណ្ឌឫស្សីកែវ រហូតចាប់បញ្ជូនទៅតុលាការតែម្តង។

ក្រោយបញ្ជួនដល់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ជាន់ទី២ ក្នុងបន្ទប់ព្រះរាជអាជ្ញារង ប៉ុន្តែត្រូវបានបញ្ជួនត្រឡប់មកអធិការ ខណ្ឌឫស្សីកែវវិញរង់ចាំបញ្ជូនបន្តទៅថ្ងៃស្អែកទៀត៕​