(ភ្នំពេញ)៖ ក្រុមហ៊ុនធំមួយរបស់ចិន China Ocean Fishing Holding Limited បានសហការជាមួយក្រុមហ៊ុន Khmer Holding Group របស់កម្ពុជា គ្រោងនឹងបោះទុនប្រមាណ ២០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍វារីវប្បកម្ម (ចិញ្ចឹមត្រី) ការអភិវឌ្ឍធនធានជលផល សាងសង់រោងចក្រធ្វើចំណីត្រី សាងសង់រោងចក្រកែច្នៃត្រី បង្កើតមជ្ឈមណ្ឌលត្រួត​ពិនិត្យ​ជំងឺត្រី ព្រមទាំងធ្វើពាណិជ្ជកម្មត្រីនៅកម្ពុជា។

បើតាមលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួបជជែកជាមួយលោក ឆាវ អ៉ីនទ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khmer Holding Group នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានប្រាប់ Fresh News ឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងដំណើរគម្រោងនាពេលឆាប់ៗខាងមុខនេះ ពោលរង់ចាំតែការចុះអនុស្សារណៈយោគយល់ជាមួយក្រសួងកសិកម្មតែ ប៉ុណ្ណោះ។

លោក ណៅ ធួក បានឲ្យដឹងថា កន្លែងអភិវឌ្ឍន៍វារីវប្បកម្មនេះ គឺក្រុមហ៊ុនគ្រោងនឹងវិនិយោគលើផ្ទៃដីប្រមាណ ៥០ហិកតា។ ក្រុមហ៊ុន ក៏ បានសំឡឹងឃើញទីតាំង​សម្រាប់​អភិវឌ្ឍន៍រួចហើយ គឺមាននៅក្នុងស្រុកស្អាង ខេត្តកណ្តាល និងនៅក្នុងខេត្តកំពង់ធំ។

បើតាមលោក ណៅ ធួក គម្រោងអភិវឌ្ឍន៍នេះ គឺបានគិតគូរច្បាស់លាស់រួចអស់ទៅហើយ ហើយក្រសួងកសិកម្ម ក៏គាំទ្រខ្លាំងណាស់ផងដែរ។ លោក ណៅ ធួក បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «យើងគាំទ្រទាំងស្រុងហើយ ព្រោះការធ្វើរបស់គាត់នេះ គឺគាត់មានបំណងថែរក្សាបរិស្ថានឲ្យបានល្អ ហើយស្របទៅតាមយុទ្ធសាស្រ្ត​ចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវារីវប្បកម្ម និងស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ហើយក៏ស្របទៅតាមផែនការ​អភិវឌ្ឍវិស័យជលផល២០១៥-២០២៤។ ដូច្នេះយើងគាំទ្រ យើងស្វា គមន៍ណាស់ ដើម្បីអភិវឌ្ឍន៍វារីវប្បកម្មឲ្យបានរីកចម្រើន ដើម្បីបានផលិតផលបន្ថែមទៀត​សម្រាប់បម្រើតម្រូវការក្នុងស្រុកផង ក៏ដូចជានាំចេញផង។ ធម្មជាតិយើងមិនអាចចិញ្ចឹមគ្រប់គ្រាន់ទេ ព្រោះមនុស្សកាន់តែច្រើន ហើយធនធានធម្មជាតិមិនអាចកើតទាន់តម្រូវការនោះទេ»

ក្រុមហ៊ុន China Ocean Fishing Holding Limited គឺជាក្រុមហ៊ុនរបស់ចិន ដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំក្នុងការចូលរួមអភិវឌ្ឍវារីវប្បកម្ម និងវិស័យជលផលតាមបែបឧស្សាហូបនីយកម្មទទួលជោគជ័យជាច្រើនលើឆាកអន្តរជាតិ។

ដោយមើលឃើញពីសក្តានុពល នៃវិស័យជលផល និងចង់គ្រប់គ្រងវិស័យនេះ ឲ្យមាននិរន្តរភាពទៅថ្ងៃអនាគត ខណៈការអភិវឌ្ឍវារីវប្បកម្មនៅកម្ពុជា​មានកម្រិតទាប​នៅឡើយនោះ ក្រុមហ៊ុន ក៏បានសិក្សា និងរៀបចំគម្រោងអភិវឌ្ឍន៍វិស័យជលផលបែបឧស្សាហូបនីយកម្មក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ ផ្លូវមួយ» ដែលជាគម្រោង​កិច្ចសហប្រតិបត្តិការរបស់ Khmer First Investment Holding Group បន្ទាប់ពីបានស្រាវជ្រាវ និងសិក្សាបានលំអិតរួចមក។

ក្រុមហ៊ុនថា គម្រោងនេះ នឹងជួយបង្កើនសមត្ថភាពការគ្រប់គ្រង និង ប្រើប្រាស់ធនធានជលផលសមុទ្រ និង ទឹកសាបនៅកម្ពុជា ឲ្យប្រ សើរឡើងទាំងការនេសាទមាន​និរន្តរភាព និងការអភិវឌ្ឍវារីវប្បកម្មតាមបែបសម័យទំនើប រួមទាំងបង្កើនសមត្ថភាពផលិតកម្ម ចូលរួមសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាព​រស់នៅ​របស់ប្រជានេសាទមូលដ្ឋាន ក៏ដូចប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស៕