(មូស្គូ)៖ នៅសហរដ្ឋអាមេរិកមនុស្សមួយចំនួន កំពុងស្វែងរកវិធីសាស្ត្របំផ្លាញភាពស្របច្បាប់ នៃជ័យជម្នះនៅក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក របស់លោក ដូណាល់ ត្រាំ ហើយដែលនេះអាចនឹងនាំសហរដ្ឋអាមេរិក ឆ្ពោះទៅរកផ្លូវបដិវត្តន៍ Maïdan ដូចនៅប្រទេស អ៊ុយក្រែន បើសិនជាពួកគេ ចង់រារាំងមិនឱ្យលោកចូលស្បថកាន់​តំណែងជាប្រធានាធិអាមេរិក។ នេះបើតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលចុះផ្សាយបន្តដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ​២០១៧​។​

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងឱកាសនៃជំនួបជាមួយប្រធានាធិបតី នៃប្រទេស ម៉ូដាវី លោក ពូទីន បានកត់សម្គាល់ថា បច្ចុប្បន្ននៅសហរដ្ឋអាមេរិក ជម្លោះផ្នែក​នយោបាយ​នៅតែបន្តកើតមាន បើទោះជាការបោះឆ្នោតបានបញ្ចប់ ហើយលទ្ធផលបង្ហាញយ៉ាងច្បាស់ថា លោកត្រាំ ជាឈ្នះក៏ដោយ។ លោក ពូទីន បានបន្ថែមថា ជម្លោះនយោបាយនេះមានវត្ថុបំណងសំខាន់ៗមួយចំនួន ដូចជា៖ ទីមួយគឺការបំផ្លាញភាពស្របច្បាប់របស់ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ​ ក៏ប៉ុន្តែការធ្វើបែបនេះដើម្បីរារាំងលោក​ត្រាំ អាចនឹងនាំឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងរណ្ដៅបដិវត្តន៍ Maïdan ។ ចំណែកឯ វត្ថុបំណងទី២ គឺចង់រារាំងកុំឱ្យលោកត្រាំ អនុវត្តតាមពាក្យសន្យារបស់លោក នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ជុំវិញគោលនយោបាយក្នុងនិង ក្រៅប្រទេស។

គួរបញ្ជាក់ថា នៅពេលនិយាយដល់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីរុស្ស៊ីរូបនេះបានលើកឡើងថា មនុស្សមានពីរប្រភេទ, ពោលគឺប្រភេទទីមួយ ជាក្រុមមនុស្សដែលចាកចេញទៅដោយគ្មានពាក្យលា ដោយគោរពតាមស្ថានភាពដែលបានកើតឡើង រីឯប្រភេទទី២ គឺជាក្រុមមនុស្សដែលចូលចិត្តនិយាយ ពាក្យលាពេញៗមាត់ ក៏ប៉ុន្តែមិនចង់ចាកចេញ ហើយបើតាមលោក វ្ល៉ាឌីមៀ ពូទីន រដ្ឋាភិបាលប្រធានាធិបតីអាមេរិកផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា គឺជា ប្រភេទមនុស្សក្រុមទី២។ «បើតាមគំនិតរបស់ខ្ញុំ រដ្ឋបាលអាមេរិកផុតអណត្តិ ស្ថិតនៅក្រុមមនុស្សប្រភេទទី២»។ នេះជាសម្ដីរបស់លោក ពូទីន៕