(ភ្នំពេញ)៖ ​ក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្តេចតេជោ សហការជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្ត ដែលជំនាញមកពីប្រទេសម៉ាឡេស៊ី (Rotary Club Aamansera-west) ដែលមាន​លោកស្រី ហ៊ុន ម៉ាណា ជាប្រធានក្រុម​បាន​ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាច្រើនគោលដៅ តាមបណ្តាខេត្តនានាក្នុង​កម្ពុជា ហើយបានបញ្ចប់សកម្មភាព ប្រកបដោយភាពជោគជ័យ។ ការពិនិត្យ ពិគ្រោះ និងព្យាបាលបានផ្តោតសំខាន់ ទៅលើជំងឺភ្នែកឡើងបាយ ជំងឺភ្នែកកន្ទុយថ្លែន មាត់ធ្មេញ អេកូសាស្ត្រ និងប្រភេទជំងឺផេ្សងៗទៀត ព្រមទាំងការវះកាត់ទ្រង់ទ្រាយតូចជាច្រើនករណី។

លោកស្រី ហ៊ុន ម៉ាណា បានសម្តែងសមានចិត្តយ៉ាងធំធេង និងត្រេកអរឥតឧបមារ ដែលបានចុះជួបផ្ទាល់ដើម្បីសម្របសម្រួល និងចែករំលែកក្តីស្រលាញ់ ក្តីអាណិតអាសូរដល់ប្រជាពលរដ្ឋ ដែលបានមកទទួលយកសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រសម្តេចតេជោ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសម៉ាឡេស៊ី (Rotary Club Aamansera-West)។

លោកស្រីប្រធានក្រុម បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ី (Rotary Club Aamansera-West) និងក្រុមគ្រូពេទ្យ​ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដែលបានចំណាយពេលវេលា កម្លាំងកាយ​ចិត្ត ធនធាន ថវិកា មកជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ី (Rotary Club Aamansera-West) បានបញ្ចប់បេសកកម្មមនុស្សធម៌នៅកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការជូនដំណើរដោយផ្ទាល់ពីលោកស្រី ហ៊ុន ម៉ាណា និងក្រុមគ្រួសារ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រមទាំងផ្តល់កាដូរអនុស្សាវរីយ៍ ជូនដល់ក្រុម​គ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសម៉ាឡេស៊ី (Rotary Club Aamansera-West) ផងដែរ៕