(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ ជាព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារាតុងអង្គរ លើកទី២១ មានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណជាង ៩១៥០នាក់ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ អន្ដរជាតិនេះ ក្នុងនោះមានជាង៤ពាន់ជាប្រជាពលរដ្ឋខ្មែរ និងជាង៥១០០នាក់ទៀត គឺជាភ្ញៀវអន្ដរជាតិដែលមកពី ៨៥ប្រទេសឯណោះ។

កីឡាករ-កីឡាការិនីអន្តរជាតិជាង៥១០០នាក់នេះ គឺមកពីចក្រភពអង់គ្លេស ឈរលំដាប់ថ្នាក់លេខ១, សហរដ្ឋអាមេរិកលេខ២ និងបារាំងលេខ៣ ក្នុងនាមអ្នកចូលរួម ច្រើនជាងគេ នៅក្នុងព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ ហើយចំនួននេះមានការ កើនឡើង៧ភាគរយ ចំណែកកីឡាករខ្មែរជាង៤០០០នាក់នេះ មានការកើនឡើងជាង២០ភាគរយ។ ក្នុងនោះកីឡាករ ជាតិ-អន្តរជាតិចំនួនជាង៣០០០នាក់រត់ក្នុងចំងាយ២១គីឡូ (ក្នុងនោះមានខ្មែរជាង៣០០នាក់), និងជាង៣០០០នាក់រត់ ក្នុងចំងាយ១០គីឡូ និងជាង២០០០នាក់រត់ក្នុងចំងាយ៣គីឡូ។

លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា មហាព្រឹត្តិការណ៍កីឡា ទេសចរណ៍ដ៏ធំ ប្រចាំឆ្នាំនៅសៀមរាប រយៈពេល២ថ្ងៃទី៣-៤ ខែធ្នូនេះ កម្ពុជាអាចរកចំណូលបានជិត៤លានដុល្លារ។ កីឡាទេសចរណ៍ គឺជាសកម្មភាពរបស់ទេសចរ ដែលពាក់ព័ន្ធនិងកីឡា ហើយក៏ទាក់ទងនិងសេវាកម្មធ្វើដំណើរផងដែរ។

សូមជំរាបថា នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះម្សិលមិញនេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ (NOCC) បានអញ្ជើញអធិបតីក្នុងសិក្ខាសាលាជាតិលើកទី១ ស្តីពីកីឡាទេសចរណ៍ នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប។

លោក ថោង ខុន បានលើកឡើងថា ក្រសួងបានដាក់យុទ្ធសាស្ដ្រថ្មី ៤យ៉ាង ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកកម្ពុជាកាន់តែច្រើន ពិសេសគឺខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ពិភពលោកតែម្ដង។

យុទ្ឋសាស្ត្រ៤យ៉ាង នែការអភិវឌ្ឍវិស័យទេសចរណ៍មានដូចជា៖
១៖ ការអភិវឌ្ឍន៏ផលិតផលទេសចរណ៍ថ្មី ដែលមានភាពទាក់ទាញ និងជំរុញការវិនិយោគ។
២៖ ការពង្រីងគុណភាពឧស្សាហកម្មទេសចរណ៍ (សេវាមួយស្តង់ដារមួយ បុគ្គលិកម្នាក់ជំនាញមួយ)
៣៖ ការផ្សព្វផ្សាយ តាមបច្ចេកវិជ្ជាថ្មីទំនើប
៤៖ ការគ្រប់គ្រង ឧស្សាហកម្មទេសចរណ៍នតាមប្រពន្ឋ Online

* ព្រឹត្តិការណ៍កីឡាទេសចរណ៍ ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ៕