(ស៊ីរី)៖ អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ សញ្ជាតិបាំរាំងដើមកំណើតស៊ីរី លោក Bassam Tahhan បានវាយតម្លៃថា ការលើកឡើងរបស់ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ដែលថាកង​ទ័ពតួកគីចូលទៅក្នុង​ទឹកដីស៊ីរី ដើម្បីផ្ដួលរំលំរបបដឹកនាំផ្ដាច់ការនៃប្រធានាធិបតីស៊ីរី លោក អាស្សាដ គ្រាន់តែជាការស្រមើស្រម៉ៃ តែប៉ុណ្ណោះ ខណៈប្រព័ន្ធមីស៊ីលរុស្ស៊ី S-300 និងS-400 កំពុងមានវត្តមាននៅលើទឹកដីស៊ីរី​។ នេះបើតាម​ការ​ចេញផ្សាយដោយសារព័ត៌មាន Russian Today​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

វាជាការស្រមើស្រម៉ៃព្រោះលោក អឺដូហ្កាន់ ផ្ទាល់ក៏បានដឹងដែរថា ការប្រកាសសង្រ្គាមជាមួយស៊ីរី គឺវាប្រៀប​បានទៅនឹងការប្រកាសសង្រ្គាមជាមួយអ៊ីរ៉ង់ ក្រុមឧទ្ទាមហេសប៊ូលឡា និងរុស្ស៊ី ដែលជាខ្នងបង្អែកដ៏ធំ នៃរបបដឹកនាំរបស់ លោក អាស្សាដ។ បន្ថែមពីលើនេះឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Russian Today នៅក្នុងបទសម្ភាសន៍មួយដែលសួរថា តើកងទ័ពតួក​គីមានសមត្ថភាពវាយលុកលើស៊ីរីដែរ ឬទេ? លោក Bassam Tahhan បានឆ្លើយថា «វាមិនអាចទៅរួចនោះទេ ព្រោះប្រព័ន្ធមីស៊ីលរុស្ស៊ី S-300 និងS-400 កំពុងមានវត្តមាន​នៅមូលដ្ឋានទ័ព Khmeimim ក្នុងខេត្ត Lattaquia នៃទឹកដីស៊ីរីដ៏មានឥទ្ធិពល»
ដូច្នេះកុំថាឡើយតួកគី សូម្បីតែសហរដ្ឋ​​​អាមេរិក និងអង្គការ NATO ក៏ញញើតនឹងប្រព័ន្ធមីស៊ីលនេះដែរ ត្បិតពួកគេសុទ្ធតែដឹងថា ប្រព័ន្ធមីស៊ីលS-300 និង S-400 មានសមត្ថភាពបាញ់​ទម្លាក់​យន្ដ​ហោះចម្បាំង​របស់សត្រូវឱ្យធ្លាក់ដល់ដីដូចជាសត្វមូស ក្នុងរយៈពេលដ៏ខ្លី»។ គួរបញ្ជាក់ថាជុំវិញការលើឡើងរបស់លោក អឺដូហ្កាន់ នេះដែររដ្ឋាភិបាលស៊ីរីបានចាត់ទុកថាតួកគីទទួលស្គាល់ហើយថា ខ្លួនឯងកំពុងឈ្លានពានស៊ីរី៕