(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា​ ចាប់ពីពេលនេះតទៅ កម្ពុជាមានវិទ្យាស្ថានម្ហូប​អាហារកម្រិត​ពិភពលោក​មួយ ក្នុង១ឆ្នាំ ទទួលសិស្សឲ្យចូលរៀន​យ៉ាងតិច​៣០០នាក់ ដែលមានការទទួលស្គាល់ពីអន្តរជាតិ រួមចំណែកបណ្ដុះបណ្ដាល​ធនធាន​មនុស្សកម្ពុជា លើវិស័យទេសចរណ៍។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពេលចុះត្រួតពិនិត្យ វិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy Culinary Arts Cambodia) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការអមដំណើរ​ពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍  និងសមាគមឧស្សាហកម្មទេសចរណ៍មួយចំនួន។

លោករដ្ឋមន្ត្រីបានឲ្យដឹងថា «វិទ្យាស្ថាននេះ បានស្ថាបនាឡើងក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលស្វីស (shift 360 foundation) ដែលផ្តោតសំខាន់លើជំនាញធ្វើម្ហូបអាហារ ក្រោមការអនុញ្ញតពីរាជរដ្ឋាភិបាលកម្ពុជា និងការជួយសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម»

លោករដ្ឋមន្ត្រីផ្ទាល់ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយអង្គការមូលនិធិ shift 360 foundation កាលពីឆ្នាំ២០១០ នៅទីក្រុង Lugano ប្រទេសស្វីស។
ការយឺតយ៉ាវនៃការងារនេះ សំខាន់លើការស្វែងរកទីតាំងឲ្យបានសមស្រប តែកំឡុងពេលនេះ ក្រោមកិច្ចសហការដ៏ល្អរវាងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ពិសេសលោក Pierre Tami តំណាងឲ្យមូលនិធិខាងលើ និងក្រសួងពាណិជ្ជកម្ម សមទ្ធិផលនេះបានកើតជារូបរាងហើយ ហើយវិទ្យាស្ថាននេះ គ្រោងនឹងបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ក្នុងឆមាសទី២ ឆ្នាំ២០១៧ ខាងមុខ។

លោករដ្ឋមន្រ្តីមានការត្រេកអរយ៉ាងខ្លាំង ចំពោះសមទ្ធិផលនេះដែលកម្ពុជាមានសាលាបណ្តុះ​បណ្តាល​ផ្នែកម្ហូបអាហារ ប្រកបដោយស្តង់ដារ​អន្តរជាតិមួយ ហើយនឹងរួម​ចំណែកយ៉ាងសំខាន់ ដល់ការផ្តល់សេវាប្រកបដោយ​គុណភាព និងជាទីពេញចិត្តដល់ភ្ញៀវទេសចរ។

លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ថា វិទ្យាស្ថានម្ហូបអាហារកម្ពុជានេះ នឹងទទួលសិស្សថ្មីចូលរៀន ដែលមានកម្មវិធិសិក្សា រយៈពេលយ៉ាងតិច២ឆ្នាំ និងបណ្តុះបណ្តាលគ្រូបំប៉ន​អ្នកជំនាញ​ចាស់ៗចំនួន ៣០០នាក់ ក្នុងមួយឆ្នាំៗ។

លោករដ្ឋមន្ត្រីបានលើកឡើងថា «អ្វីដែលមាននៅទីនេះ ទាំង Design ទាំងរបស់របរសម្ភារៈ ឧបករណ៍ប្រើប្រាស់ សម្រាប់ការបណ្តុះបណ្តាលសុទ្ធតែទំនើបៗ។ ខ្ញុំក៏ដូចអ្នក​ជំនាញ​ចុងភៅដែរ មានការពេញចិត្ត និងសប្បាយចិត្តណាស់»

វិទ្យាស្ថានម្ហូបបអាហារកម្ពុជានេះ មានទីតាំងនៅក្នុងសាកលវិទ្យាល័យអាស៊ានចាស់ ផ្លូវលេខ១៣៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា ខាងកើតវិទ្យា​ល័យបាក់ទូក ហើយនឹងចាប់ផ្ដើមលក់ និងទទួលពាក្យចុះឈ្មោះ​ចូលរៀន នៅខែធ្នូ ឆ្នាំ២០១៦ ខាងមុខ។

សូមជម្រាបថា នៅឆ្នាំ២០១៥ វិស័យទេសចរណ៍កម្ពុជា បានបង្កើតឱកាសការងារ​ដោយផ្ទាល់ប្រមាណ ៦០ម៉ឺននាក់ និងដោយប្រយោលរាប់សិប​ម៉ឺននាក់ទៀត។ នៅឆ្នាំ២០២០ ខាងមុខ កម្ពុជាគ្រោង​ទទួលទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ និងទេសចរជាតិ ១០លាននាក់ទៀត ដែលតម្រូវឲ្យមានបុគ្គលិកជំនាញវិជ្ជាជីវៈទេសចរណ៍ ជិត១លាននាក់ ក្នុងនោះជំនាញ​វិជ្ជាជីវៈផ្នែកម្ហូបអាហារ ជាជំនាញចាំបាច់បំផុតមួយ ក្នុងឧស្សាហកម្មទេសចរណ៍៕