(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញដល់សាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ត្រូវខិតខំពង្រឹងនិងពង្រីកកិច្ចសហការ បន្ថែមទៀត ជាមួយដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានឧត្ដមសិក្សាផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ដើម្បីឲ្យសិស្សនិស្សិតរបស់យើងបានទទួល បានវគ្គបណ្ដុះបណ្ដាលថ្មីប្លែកៗ នៅក្រៅប្រទេស។

លោករដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសដែលលោក អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ របស់សាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាលនៅថ្ងៃទី២២ ខែវិច្ឆិកានេះ ដោយមានការចូលរួមពី ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងបណា្ដសាស្រ្ដចារ្យ​និងថ្នាក់ដឹកនាំ មន្ដ្រីរាជការផ្សេងៗទៀត។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «ខ្ញុំសូមកោតសរសើរដល់ ថ្នាក់ដឹកនាំមន្ដ្រីរាជការ បុគ្គលិក និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខា ភិបាលទាំងអស់ ដែលខិតខំធ្វើយ៉ាងណាឲ្យ ការបណ្ដុះបណ្ដាល នៅសាកលវិទ្យាល័យនេះ ឈានទៅរកឧត្ដមភាព និងនាំមុខនៅកម្ពុជា តែទន្ទឹមនឹងនោះ ក៏ត្រូវខិតខំបន្ថែមទៀត ក្នុងការធ្វើទំនើបកម្ម ប្រព័ន្ធផ្ដល់សេវាលើកកម្ពស់សមត្ថភាព មន្ដ្រីរាជការ និងបុគ្គលិកលើការ ស្រាវជ្រាវ ដែលមានលក្ខណៈទំនើប និងទាន់សម័យ រួមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការបន្ថែមទៀតជាមួយដៃគូ អភិវឌ្ឍន៍ និងគ្រឹស្ថានឧត្ដមសិក្សាផ្សេងៗទាំងក្នុង និងក្រៅប្រទេស។ ពិសេសក្មួយ ក៏ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យអស់ពីកម្លាំងកាយចិត្ដ ដើម្បីក្លាយជានិស្សិតឆ្នើមប្រចាំសាលា និងប្រទេសជាតិផងដែរ»។  

ជាកិច្ចឆ្លើយតបនោះ សកលវិទ្យាធិការនៃសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល លោកសាស្រា្ដចារ្យ សាផុន វឌ្ឍនៈ បានឲ្យដឹងថា សាកលវិទ្យាបានផ្ដល់ការបណ្ដុះបណ្ដាល​ លើគ្រប់ជំនាញ និងគ្រប់ឆ្នាំសិក្សា តាមផែនការគ្រោងទុក ជាពិសេសបានដំណើរការ កម្មវិធីអន្ដរជាតិ ផ្នែកវេជ្ជសាស្រ្ដ និងផ្នែកគិលានុបដ្ឋាក, ការកែលម្អកម្មវិធីសិក្សា នៅគ្រប់មហាវិទ្យាល័យ-សាលា ឲ្យទៅជាកម្មវិធីសិក្សា ដែលផ្អែកលើសមត្ថភាពជំនាញ ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិត ដែលបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល មានចំណេះធ្វើ និងឥរិយាបថវិជ្ជាជីវៈ ល្អប្រសើរ ។ ហើយសាកលវិទ្យាល័យក៏ អភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ជាច្រើនទៀត ពិសេសនៅមាននូវ វគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ រហូតផង។

គួរបញ្ជាក់ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ក៏មានការប្រគល់ជូនលិខិតបញ្ជាក់ ជយលាភីលេខ១ ក្នុងការប្រលងជ្រើសរើស ចូលរៀន ថ្នាក់វេជ្ជបណ្ឌិតឯកទេស ឆ្នាំសិក្សា២០១៥-២០១៦ កន្លងទៅផងដែរ៕