(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង១២៖៣០ថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ រដ្ឋសភា បានសម្រេចសម្រាកមួយរយៈខ្លី ដើម្បីពិសារអាហារថ្ងៃត្រង់ ក្រោយពេលបានអនុម័តជាស្ថាព័រ នូវរបៀបវារៈមួយ ក្នុងចំណោមរបៀបវារៈចំនួន៣ ដែលបានដាក់ប្រជុំនៅថ្ងៃនេះ។ ទោះជាយ៉ាងណា កិច្ចប្រជុំនេះ នឹងពិភាក្សាបន្តទៀត នៅម៉ោង២៖០០រសៀល។

កិច្ចប្រជុំសភា នៅព្រឹកមិញនេះ មានបៀបវារៈចំនួន៣ ក្នុងនោះរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសរបស់អង្គការសហប្រជាជាតិ, សេចក្តីព្រាងច្បាប់ទូទាត់ថវិកាឆ្នាំ២០១៥ និង សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិ ឆ្នាំ២០១៧ រួមទាំងរបៀបវារៈផ្សេងៗមួយចំនួនទៀត។

នៅព្រឹកមិញនេះរដ្ឋសភា បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ ក្រោមសំឡេង១០៦ លើ១០៦ ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋសភាពេញអង្គ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានការចូលរួមដោយតំណាងរាស្រ្តចំនួន១០៦រូប ក្នុងនោះមាន ៦៧រូបមកពីគណបក្សប្រជាជនកម្ពុជា និង៣៧រូបមកពីគណបក្សសង្រ្គោះជាតិ។ គណបក្សសង្រ្គោះជាតិបានចាប់ផ្តើមចូលប្រជុំសភាពេញអង្គឡើងវិញ បន្ទាប់ពីធ្វើពហិការយៈពេល៦ខែមកនេះ៕