(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងកូនប្រុសស្រី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនកូនប្រុស «ហ៊ុន កំសត់» ដែលបានស្លាប់បាត់បង់ជីវិតពេលប្រសូតចាក់ពីផ្ទៃម្តាយនៅក្នុងរបបវាលពិឃាតអាវខ្មៅ។

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺជាខួប ៤០ឆ្នាំហើយ នៃការស្លាប់បាត់បង់ជីវិតរបស់ទារក «ហ៊ុន កំសត់»។ ទារក ហ៊ុន កំសត់ បានស្លាប់ពេលដែលរូបគេបានប្រសូតចាកចេញពីផ្ទៃម្តាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ សម្តេចតេជោ ហ៊ុ​ន សែន ធ្លាប់បានរំលឹកថា ការស្លាប់នេះដោយសារតែការធ្វេសប្រហេសរបស់ឆ្មប នៅពេលសម្រាលនោះ គេមិនបានយកចិត្តទុកដាក់ ហើយកាន់មិនជាប់ធ្វើទារក «ហ៊ុន កំសត់» ធ្លាក់ពីដៃ ហើយស្លាប់បាត់បង់ជីវិតតែម្តង។

ជាមួយនឹងការធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនកូននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍ក្តុកក្តួល និងភាពឈឺចាប់ ដែលសម្តេចមិនអាចបំភ្លេចបាន បើទោះបីវាមានរយៈពេល ៤០ឆ្នាំទៅហើយក្តី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅលើទំព័រ Facebook របស់សម្តេចថា «សត់កូនពុក ថ្ងៃនេះពុក និងម៉ែព្រមទាំង ប្អូនប្រុសប្អូនស្រី របស់កូនបានមកធ្វើពិធីបង្សុកូលឱ្យកូន។ ៤០ឆ្នាំបានកន្លងផុតជាមួយនឹងការចងចាំនូវការឈឺចាប់ដែលពុក និងម៉ែកូនបានឆ្លងកាត់ នាព្រឹកថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ១៩៧៦ នៅទីកន្លែងនេះ។ បើទោះបីពុកមានតួនាទីខ្ពង់ខ្ពស់ក៏ដោយចុះ តែទឹកភ្នែកពុកនៅតែហូរមកមិន ឈប់ឈរ នៅពេលពុកនឹកដល់សោកនាដកម្ម ដែលបានកើតឡើងនាពេលនោះ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ពុកដឹងខ្លួនច្បាស់ហើយថា ទឹកភ្នែកពុក នឹងបញ្ចប់នៅពេលពុកស្លាប់ តែទឹកភ្នែកនេះក៏បានរំឮក ពុកឱ្យខិតខំការពារសន្តិភាព និងរារាំងសង្គ្រាមកុំឱ្យកើតឡើងសាជាថ្មី។ ពុកនៅតែសូមការយោគយល់ពីកូនដែលមិនបាន យកសពកូន ទៅបញ្ចុះដោយខ្លួនឯង។ ពុកត្រូវអត់ធ្មត់ និងធ្វើ តាមបញ្ជាររបស់ពួកឃាដករ តែការអត់ធ្មត់នោះហើយដែលរក្សាជីវិតពុក និងម៉ែកូន ព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេស បានរីកចម្រើនរហូតសព្វថ្ងៃ»

ខាងក្រោម ជាប្រវត្តិ និងហេតុការណ៍ នៃការស្លាប់របស់ទារក «ហ៊ុន កំសត់» ព្រមទាំងអារម្មណ៍ក្តុកក្តួលរបស់សម្តេចតេជោ ហ៊ុន សែនដែលសម្តេច តែងបានរំលឹកឡើងជារៀងរាល់ឆ្នាំ៖

កូនប្រុសដ៏កំសត់របស់ពុក នៅសល់តែប៉ុន្មានថ្ងៃទៀតទេ គឺដល់ខួប៤០ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៦)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្ម ដែលបានកើតឡើង ចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង «អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម» «ទំនួញកំសត់ប្រវត្តិវិទ្យាល័យ» និង «ព្រលឹងកំសត់» ដែលពុកម៉ែបានធ្វើឡើង ក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ធកូន និងការឈឺចាប់នាពេលនោះ។

ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យ កូនរបូតធ្លាក់ពីដៃ ត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នង ធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិ ក្តុល ឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ ដែលតាំង នៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯង ដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញ ការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេស មានសិទ្ធិតិចជាងសត្វឆ្កែ ឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ធិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំ ឱ្យពុកបានធ្វើដំណើរជាមួយ មេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំ នាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។

ភាពតក់ស្លុតបានកើតឡើង ចំពោះរូបពុកនៅពេលដែល ពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយ ម្តាយកូនស្រែកប្រាប់ថា «រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ»។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូន កំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយ ដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថា កូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។

ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួល ការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង «កម្មសិទ្ធិមនោសញ្ចេតនាក្រាស់» «មិត្តឯងមិនមែនគ្រូពេទ្យទេ» «បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ» «មានពេទ្យយកខ្មោចកូននេះ ទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ» «ការងារអង្គការសំខាន់ជាងការងារបុគ្គល» ។ល។

ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេស ចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុក ដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូន ដែលទើបដឹងខ្លួន បន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា «កំសត់»។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។

ពួកគេបង្ខំឱ្យពុកចាកចេញ ពីម្តាយកូន និងខ្មោចកូនទាំងការឈឺចាប់ជាមួយ ទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុកបានការ អនុញ្ញាតទៅជួបម្តាយកូនសារជាថ្មី ដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា «សល់សុក»។ ពុកត្រូវយកម្តាយកូន ចេញពីពេទ្យ ដើម្បីឱ្យឆ្មបបូរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពី មន្ទីរពេទ្យទៅព្យាបាល តាមបែបបូរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូន នៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែ បានសាងសង់សំរាប់កូនតាំងពីទសវត្សឆ្នាំ១៩៨០មក។

រៀងរាល់ពេលដែលពុកនឹក ដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ ការឈឺចាប់លើស ពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជា រាប់លាននាក់ដែលត្រូវពួកប៉ុលពត សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារយើងដែរ៕