(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Koh Kong ទិញថាមពលពីរោងចក្រអគ្គិសនី ដែលដើរដោយកាកអំពៅ ជាប្រភេទថាមពល កកើតឡើងវិញ ដែលមានកម្លាំង៨មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា និងតំណាងក្រុមហ៊ុន Koh Kong ដែលរៀបចំឡើងនៅអគ្គិសនីកម្ពុជា ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា រោងចក្រផលិតអគ្គិសនី ដើរដោយកាកអំពៅនេះ នឹងផលិតថាមពលអគ្គិសនី នៅក្នុងរដូវប្រាំង ហើយស្រូបយកថាមពល ពីបណ្តាញជាតិនៅរដូវវស្សារ ដែលជាការចូលរួមចំណែក ដល់ការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។

ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ អគ្គិសនីកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យា សម្រាប់សេវាប្រឹក្សាបច្ចេកទេស ក្នុងគម្រោងពង្រីកអគ្គិសនីភាវូបនីយកម្ម ជនបទក្នុងខេត្តស្វាយរៀង ក្រោមក្របខ័ណ្ឌជំនួយឥតសំណង រប​ស់ប្រទេសអូស្ត្រាលី តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

អគ្គីសនីកម្ពុជា បានឲ្យដឹងថា គម្រោងនេះប្រើប្រាស់ថវិកាជំនួយឥតសំណង របស់ប្រទេសអូស្រ្តាលី ប្រមាណ៦០% និងថវិកាបដិភាគរបស់អគ្គិសនីកម្ពុជា ប្រមាណ៤០% ដែលក្នុងនោះរួមមាន៖ ផ្គត់ផ្គង់ និងដំឡើងខ្សែបណ្តាញ 22 kV ប្រវែង 220 cct-km, ផ្គត់ផ្គង់ និងដំឡើងខ្សែបណ្តាញ 0.4 kV ប្រវែង 400 cct-km, ផ្គត់ផ្គង់ និងដំឡើងប៉ុស្តិ៍ត្រង់ស្វូរលើបង្គោល (PMT) ចំនួន៧៧គ្រឿង និង តម្លើងនាឡិកាស្ទង់ក្នុងប្រអប់ តាមបង្គោលភ្លើង ជូនអតិថិជនប្រើប្រាស់​ចំនួន ១៤ពាន់គ្រឿង។

អគ្គិសនីកម្ពុជា បានឲ្យដឹងទៀតថា នៅពេលសមិទ្ធិផលនៃគម្រោងខាងលើសាងសង់ចប់ នឹងបានជួយយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង ក្នុងការបង្កើនអត្រាផ្គត់ផ្គង់អគ្គិសនី ប្រកបដោយគុណភាព ស្ថិរភាព និងនិរត្តន៍ភាព៕