(ក្រចេះ)៖ រថយន្ដសាំយ៉ុងដឹកឈើកែច្នៃ មួយគ្រឿងបើកលឿងដូចហោះ ដល់ផ្លូវកោងស្រាប់តែជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋលាន់ដូចរន្ទះ បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ផ្ទះរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅម៉ោង៥៖១០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវបំបែក ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ដសាំយ៉ុងដឹកឈើ មួយគ្រឿងពាក់ស្លាកលេខ​ភ្នំពេញ2P-4680 បើកបរក្នុងទិសដៅ ពីជើងទៅត្បូង លុះដល់ចំណុចផ្លូវកែងបឹងកាឡូ ដោយសារតែរថយន្ដបង្កលឿនពេក ស្រាប់តែជ្រុលទៅបុកផ្ទះ ពលរដ្ឋឈ្មោះ ព្រុំ ស៊ីថា អាយុ៤៥ឆ្នាំ​ ប្រពន្ធឈ្មោះ ទូច ស៊ីណាន អាយុ៣៨ឆ្នាំ។

មន្ដ្រីនគរបាលមូលដ្ឋាន បញ្ជាក់ថា ក្នុងហេតុការណ៍នេះ បង្កឲ្យបុរសជាប្ដីរងរបួសធ្ងន់ ហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងម៉ូតូ១គ្រឿង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនរងការខូចខាតផងដែរ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបានស្រមោល។​

ក្រោយពេលកើតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុក ដើម្បីដោះសា្រយតាមនីតិវិធី៕