(ពោធិ៍សាត់)៖ ជនរងគ្រោះ៣នាក់ ត្រូវជនសង្ស័យ២នាក់ ប្រដាប់ដោយអាវុធខ្លី២ដើម ភ្ជង់ប្លន់យកម៉ូតូ Honda Dream ស៊េរី២០១៦ មួយគ្រឿងដោយសុវត្ថិភាព ត្រង់ចំណុចលើស្ពាន ផ្លូវចូលសាលាអនុវិទ្យាល័យក្រាំងតាសែន ស្ថិតក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ជនរងគ្រោះមានឈ្មោះ ប៉ាង ចំរើន អាយុ២២ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ចំណែកម៉ូតូខាងលើ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-6494 ទើបតែទិញបង់រំលោះថ្មីៗ។  

លោកអធិការបន្តថា នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមម៉ិញ ជនរងគ្រោះបានជិះម៉ូតូពីផ្ទះ ទៅលេងសង្សារជាអ្នកលក់ចាប់ហួយ នៅជិតរង្វង់មូលផ្តិត រួចបានជូនឈ្មោះ ម៉ែន ជា អាយុ៤១ឆ្នាំ ជាឪពុកសង្សារ និងឈ្មោះ ភួន គន្ធា អាយុ១៥ឆ្នាំ ជាប្អូនប្រុសសង្សារ ទៅងូតទឹកនៅឯផ្ទះ។

លុះដល់កន្លែងកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានឃើញជនសង្ស័យ២នាក់ ពាក់ម៉ាស់ ហើយដាក់ម៉ូតូឈប់នៅលើស្ពាន តែជនរងគ្រោះបានជិះហួសបន្តិចទៅហើយ ស្រាប់តែត្រូវជនសង្ស័យបានស្រែកហៅ ហើយសួរថា «មានទុលល្វីសទេ ម៉ូតូខ្ញុំខូច» ជនរងគ្រោះក៏បានឈប់ម៉ូតូ ហើយដើរមកសួរនាំ បំណងជួយមើលម៉ូតូ។

ដោយស្ថិតនៅកន្លែងស្ងាត់ និងទីតាំងអំណោយផលផងនោះ ជនសង្ស័យទាំង២នាក់ ក៏បានហក់ពីលើម៉ូតូ យកកាំភ្លើងខ្លី១ដើមភ្ជង់ក្បាល និង១ដើមទៀត អង្គុយនៅលើម៉ូតូរបស់ជនរងគ្រោះ រួចឆក់សោពីជនរងគ្រោះជិះចេញទៅដោយសុវត្ថិភាព រីឯជនរងគ្រោះម្នាក់ទៀត បានរត់គ្នាទៅវាលស្រែ ព្រោះខ្លាចក្រុមចោរបាញ់សម្លាប់។

ក្រោយពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូ បានមកដាក់ពាក់បណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ដើម្បីឲ្យសមត្ថកិច្ច កសាងសំណុំរឿង តាមចាប់ជនសង្ស័យទាំង២នាក់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕