(បន្ទាយមានជ័យ)៖ លោកស្រី ហ៊ុន សេងនី ប្អូន​សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយ និងថវិកាដល់គ្រួសារមួយ ដែលមានជីវភាព ក្រីក្រលំបាក ស្នាក់នៅក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមរយៈលោក លី សារី អភិបាលរងខេត្ត នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមើលឃើញពីការលំបាក របស់គ្រួសារដែលមានកូនយកគ្នា ជាប្តីប្រពន្ធ រកព្រឹកខ្វះល្ងាច រស់នៅក្នុងខ្ទមដ៏តូចចង្អៀត និងឪពុកគ-ថ្លង់ មានមុខរបរជាកម្មករអូសរទះ ទើបលោកស្រី ហ៊ុន សេងនី បានផ្តល់អំណោយ តាមរយៈលោកឲ្យយកមកប្រគល់ ដល់លំនៅដ្ឋាន ដែលអំណោយ​រួមមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ខ្លាញ់ ទឹកសុទ្ធ សាប៊ូ ទឹកក្រូច សារ៉ុង ក្រមា ខោរអាវរងា និងថវិកាមួយចំនួន​។

ជាមួយគ្នានេះផងដែល ដោយសារតែកំហុសបានកើតឡើងហើយ និងមានការរិះគន់យ៉ាងណាក្តី អាណាព្យាបាលរបស់ប្អូនទាំង២ ក៏ដូចជាប្អូនទាំង២ ត្រូវបន្តខិតខំមើលថែកូន និងប្រកបរបបចិញ្ចឹមជីវិតបន្ថែមទៀត​ ហើយលោកក៏សូមឲ្យអាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណា ជួយបំពេញបែបបទឯកសារ ពាក់ព័ន្ធនានាសម្រាប់កូនដែលទើបតែកើត និងសូមឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ទាក់ទងនឹងបងប្អូនបង្កើតយកគ្នាជាប្តីប្រពន្ធខាងលើ តាមការឲ្យដឹងពីស្រ្តីជាម្តាយ បានឲ្យដឹងថា កូនប្រុសកូនស្រីរបស់គាត់ដែលមាន ឈ្មោះ ឆន ឈឿប ភេទប្រុស អាយ២២ឆ្នាំ មានមុខរបរជាកម្មករអូសរទះ នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត​ បានយកប្អូនស្រីបង្កើតខ្លួនឯង ឈ្មោះ ឈួន នឿម ភេទស្រី អាយុ១៧ឆ្នាំ នៅផ្ទះជាមួយគ្នាជាប្រពន្ធ និងបានកូនស្រី ដែលជាចៅរបស់គាត់ម្នាក់អាយុ២ខែ។

បន្ទាប់ពី ចែកអំណោយដល់គ្រួសារខាងលើ លោក លី សារី ក៏បានផ្តល់អាវរងា ជូនដល់ប្រជាការពារភូមិប៉ោយប៉ែត មួយចំនួនផង​ដែរ៕