(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុជា (EDC) បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ដើម្បីផ្តល់អាហារូបករណ៍៤ជំនាញ ក្នុងរយៈពេល៤ឆ្នាំ ដល់និស្សិតកម្ពុជា។ MOU នេះ គឺក្នុង១ឆ្នាំៗ EDC នឹងផ្តល់ ជូនដល់ RUPP នូវទឹកប្រាក់២០ម៉ឺនដុល្លារក្នុង១ឆ្នាំ ដើម្បីពង្រឹងលើជំនាញទាំងនេះ។

ការចុះអនុស្សារណៈយោគយល់គ្នារវាង EDC និង RUPP បានធ្វើឡើង នៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៦-២០១៧ នៅ RUPP នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការចូលរួមពី លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក អគ្គិសនីកម្ពុជា លោក ជាត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោកបណ្ឌិត ម៉ី កល្យណ ប្រធានក្រុមប្រឹក្សា ភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក យក់ ង៉ុយ រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា រួមនឹងសិស្សានុសិស្សប្រមាណ៣ពាន់នាក់។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា  ថវិកា២០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំនេះ នឹងជំរុញឱ្យ RUPP ពង្រឹងលើមុខជំនាញចំនួន៤ រួមមាន ជំនាញភាសាខ្មែរ,គណិតវទ្យា, ប្រវត្ថិវិទ្យា, និងចុងក្រោយ គឺជំនាញ វិទ្យាសាស្រ្ត (គ្រឿងអេឡិចត្រូនិចជាដើម)។ ក្រៅពីនោះថវិកា មួយផ្នែកទៀត ក៏គ្រោងនឹងជួយបន្ថែមលើការពង្រឹងផ្នែកសិល្បៈ វប្បធម៌ និងកីឡាផងដែរ។

លោក កែវ រតនៈ បានបន្ថែមថា គោលបំណងនៃការផ្តល់អាហារូបករណ៍ក្នុងមួយឆ្នាំៗ លើទំហំទឹកប្រាក់២០ម៉ឺនដុល្លារ សហរដ្ឋអាមេរិកនេះ គឺក្នុងគោលបំណងផ្តល់ជូនឲ្យ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទៅប្រើប្រាស់ឲ្យសមស្រប និងជាប្រយោជន៍ទៅដល់ជាតិ និងសិស្សានុសិស្ស ជាពិសេស គឺបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញទាំង៤ខាងលើ ដើម្បីបន្តបណ្តុះបណ្តាល និស្សិតជាច្រើននាក់ បន្តទៀត និងកាន់តែជួយផ្សព្វផ្សាយបន្ត ទៅតាមបណ្តាខេត្ត ក្រុងនានា នៅទូទាំងប្រទេស។

លោក ជាត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្តែងការស្វាគមន៍ចំពោះការចុះ អនុស្សារណៈយោគយល់ គ្នានាពេលនេះ។ លោកថា ការផ្តល់អាហារូបករណ៍ក្នុងទំហំទឹកប្រាក់២០ម៉ឺនដុល្លារ នាពេលនេះ គឺបានផ្តល់ផលប្រយោជន៍ទ្វេគុណ ទៅដល់សិស្ស និស្សិត និងសង្គមជាតិទាំងមូល។ លោកថា សិស្សនិស្សិត ដែលទទួលបាន អាហារូបករណ៍នេះនឹង ក្លាយជាគ្រូបង្គោល និងជាសាស្រ្តចារ្យបង្រៀន តាមសាកលវិទ្យាល័យផ្សេងៗទៀត ហើយក៏អាចក្លាយជាអ្នកធ្វើការអភិវឌ្ឍន៍នៅក្នុងសង្គមជាតិផងដែរ។

លោក កែវ រតនៈ ថា រាជរដ្ឋាភិបាលតាមរយៈ EDC បានជ្រើសរើសយក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាពលនេះ ដោយសំឡឹងឃើញ RUPP គឺជាថ្នាលបណ្តុះចំណេះដឹងឲ្យធំទូលាយ ដល់សិស្សនិស្សិត រាប់លាននាក់។ លោកថា បើគម្រោងនៅឆ្នាំទី១នេះទទួលបាន ជោគជ័យ រាជរដ្ឋាភិបាល នឹងកាន់តែពង្រឹកការផ្តល់អាហារូបករណ៍ នេះបន្តទៀតដោយ ធ្វើយ៉ាងណាឲ្យមាន វិសាលភាពធំទូលាយ ជាងនេះ ដើម្បីបណ្តុះធនធានមនុស្សបន្ថែមទៀត៕