(វ៉ាស៊ីន)៖ ថ្លែងទៅកាន់អ្នកគ្រាំទ្រក្នុងទីក្រុង Charlotte នៃរដ្ឋ North Carilona លោក Donald Trump ដែលជាបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានលើកឡើងថាការគំរាមកំហែង ធំជាងគេបំផុត ដែលសហរដ្ឋអាមេរិកកំពុងប្រឈម មិនមែនជាការកើនឡើងកម្តៅនៃផែនដីនោះឡើយ តែវាគឺជា «ការកើនឡើងកម្តៅនៃសង្រ្គាមនុយក្លែអ៊ែរ»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។

បេក្ខភាពប្រធានាធិបតីរូបនេះ បាននិយាយដូច្នេះថា «លោក Obama គិតថា ការកើនឡើងកម្តៅ នៃភពផែនដី ជាការគំរាមកំហែងដ៏ធំធេងបំផុតចំពោះពួកយើង ប៉ុន្តែខ្ញុំបែរជាគិតថា ការគំរាមកំហែង ដែលធំជាងគេនោះ គឺការកើនឡើងកម្តៅនៃសង្គ្រាមនុយក្លេអ៊ែរ ឯណោះវិញទេ»

លោក Donald Trump បានធ្វើការព្រមានថា ការគំហែងកំហែងនៃសង្រ្គាមនុយក្លេអ៊ែរ កំពុងតែបន្ត កើនឡើងយ៉ាងខ្លាំង និងកាន់តែគ្រោះថ្នាក់ទៅៗ ដោយបានបញ្ជាក់ថា «យើងនឹងខិតខំប្រឹងប្រែង យ៉ាងពេញទំហឹង ក្នុងការដោះស្រាយបញ្ហានេះព្រោះថា ស្ថានការណ៍កំពុងឈានទៅរក ដំណាក់កាល ដែលមិនងាយគ្រប់គ្រងបានឡើយ» ហើយលោក បានប្តេជ្ញាថានឹងយកបញ្ហានៃការកាត់បន្ថយ ការគំហែងកំហែងនេះ ធ្វើជាអទ្ធិភាពចម្បង ប្រសិនលោកត្រូវបាន ជាប់ឆ្នោតជាប្រធានាធិបតី នៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខនេះ៕