(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង JoongAng Ilbo បានរាយការណ៍នៅថ្ងៃពុធ ទី១២ ខែតុលានេះថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងមួយរូប ត្រូវបានបណ្ដេញចេញពីការងារ និងបញ្ជូនទៅកាន់តំបន់ជនបទមួយកន្លែង ជាការដាក់ទណ្ឌកម្ម ចំពោះការបំពេញតួនាទីមិនល្អនាំឲ្យ អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចំាប្រទេសអង់គ្លេស រត់ទៅកាន់កូរ៉េខាងត្បូង កាលពីរដូវក្ដៅកន្លងទៅ និងបង្កឲ្យមានក្តីអាម៉ាស់យ៉ាងខ្លាំងលើឆាកអន្តរជាតិ។

JoongAng Ilbo បានបញ្ជាក់ទៀតថា​ ការរត់ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង របស់អគ្គរដ្ឋទូត កូរ៉េខាងជើង ប្រចំាប្រទេសអង់គ្លេស លោក Thae Yong-Ho បានធ្វើឱ្យលោក Kim Jong Un ផ្ទុះកំហឹងយ៉ាងខ្លាំង ព្រមទំាងបានបញ្ជាឱ្យធ្វើការតាមដាន លើក្រសួងការបរទេសទំាងមូលតែម្ដង ដោយក្នុងនោះ អនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង លោក Kung Sok-Ung និងគ្រួសារ ត្រូវបានបណ្ដេញចេញពីទីក្រុងព្យុងយ៉ាងទៅកាន់តំបន់ជន បទមួយកន្លែង។

ដោយឡែកមន្ត្រីទូតទទួលបន្ទុកកិច្ចការអឺរ៉ុប ០៤នាក់ផ្សេងទៀត ក៏ត្រូវបានគេហាមឃាត់មិនឱ្យស្នាក់ នៅក្នុងទីក្រុង ព្យុងយ៉ាង ផងដែរ។ លោក Kung Sok-Ung មានអាយុ៧២ឆ្នាំ គឺជាមន្ត្រីការទូតមួយរូប ទទួលបន្ទុកទំនាក់ទំនងដោយផ្ទាល់ជាមួយរុស្ស៊ី និង អឺរ៉ុប អស់រយៈពេលជាង ២០ឆ្នាំមកហើយ។​

គួរបញ្ជាក់ថា ចាប់តំាងពីបានឡើងកាន់អំណាចនៅឆ្នាំ២០១១មក លោក Kim Jong Un បានប្រើប្រាស់ការ ប្រហារជីវិត និងការបោសសំអាតផ្ទៃក្នុង ជាមធ្យោបាយពង្រឹងអំណាចរបស់ខ្លួន តួយ៉ាងកាលពីខែធ្នូឆ្នាំ២០១៣ លោកបានបញ្ជាឱ្យគេប្រហារជីវិតឪពុកមារបស់ខ្លួន គឺលោក Jang Song-Thaek ក្រោមទោសក្បត់ជាតិនិង ពុករលួយ៕