(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងប្រាប់លោកស្រី Rhona Smith អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិថា ជនពិការ ជនអនាថា អនីតិជន កុមារ ត្រូវបានការពារដោយច្បាប់ គ្មានការរើសអើងឡើយ។ លោក វង សូត បានលើកឡើងទៀតថា ការកសាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលរដ្ឋសភា ទើបអនុម័តឲ្យអនុវត្ត កាលពីពេលថ្មីៗកន្លងទៅនេះ គឺបានគិតគូយ៉ាងហ្មត់ចត់ អំពីការការពារអនីតិជន ដែលមានទំនាស់នឹងច្បាប់ ដូចជាករណីកុមារ ញៀនគ្រឿងញៀន រឺការរំលោភជាដើម។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា លោកចង់ឃើញការធ្វើសមាហរណកម្មកុមារ ទៅសហគមន៍ជាជាង ការយកកុមារដាក់ក្នុងពន្ធនាគារ ដែលនោះគឺជាជម្រើស ចុងក្រោយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច ប្រាប់អ្នកសារព័ត៌មានឲ្យដឹងក្រោយ ជំនួបរវាង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី Rhona Smith អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ បានបញ្ចប់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នាទីស្តីការក្រសួង។  

លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានបន្តទៀតថា នៅក្នុងឱកាសនោះលោក វង សូត បានជម្រាបជូនអំពីកាលានុវត្តភាព នៃវិស័យសង្គមកិច្ច រួមមានវិស័យពិការភាព វិស័យកុមារ ការស្មុំកូនអន្តរ ប្រទេស និងអំពីការយកចិត្តទុកដាក់លើជនអនាថា នៅកម្ពុជាក្នុងអណត្តិទី៥ នៃរាជរដ្ឋាភិបាល។

ជាមួយគ្នានោះដែរ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះចំណុចវិជ្ជមានជាច្រើន ក្នុងវិស័យសង្គមកិច្ច ដែលរួមបញ្ចូលអំពីការគិតគូ ដល់ជនដែលមានពិការភាព ជនអនាថា អនីតិជន និងកុមារ។ លោកស្រី Rhona Smith ក៏បានកោតសរសើរ អំពីការរីកចំរើនក្នុងវិស័យខាងលើនេះ។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានបញ្ជាក់ឲ្យដឹងថា លោក វង សូត រដ្ឋមន្រ្តីបានប្រាប់ថា កម្ពុជាបានដាក់ឲ្យប្រើនូវច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលជាការបង្ហាញ អំពីឆន្ទៈ របស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ និងគិតគូ ជាប់ជានិច្ច អំពីសុខទុក្ខ និងសុខុមាលភាព របស់ជនពិការ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តាមរយៈក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សា សកម្មភាពជនពិការ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ក្របខណ្ឌពិសេស ដល់ជនពិការ ហើយបច្ចុប្បន្ន ក្រសួងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្រកាសអន្តរក្រសួង ស្តីពីការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ។

លោករដ្ឋមន្រ្តី វង សូត បានសម្តែងនូវមោទនភាព ក្នុងការរៀបចំនូវអនុក្រឹត្យថ្មីស្តីពីការផ្តល់ប្រាក់រង្វាន់ និងលើកទឹកចិត្ត ដល់ជនពិការប្រកួតប្រជែងលើមុខជំនាញ និងកីឡាស្ប៉េស្យាល់អូឡាំពិច ដែលពុំធ្លាបើមានពីមុនមក តែបច្ចុប្បន្នជនពិការអាចទទួលបាននូវការលើកទឹកចិត្តជាថវិកាជាច្រើន ក្រោយពេលទទួលបាននូវ ជោគជ័យពីការប្រកួតប្រជែង។

គួរបញ្ជាក់ផងដែរថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល ក្នុងការបង្កើតនូវមជ្ឈមណ្ឌលថែទាំ និងព្យាបាលជនវិកលចារឹក ដើម្បីធានាបាននូវការផ្តល់ សេវាថែទាំសុខភាព និងការស្តារនីតិសម្បទា ដោយយកចិត្តទុកដាក់ដល់ជនវិកលចារឹក អ្នកញៀនគ្រឿងញៀនជាដើម៕