(អាមេរិក)៖ បេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិក នៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រំា បានសន្យាថានឹងចាប់លោកស្រី ហ៊ីលឡារី គ្លីនតុន ដាក់ពន្ធនាគារ បើសិនលោកជាប់ឆ្នោតជា ប្រធានាធិបតីអាមេរិក ដោយសំអាងថា បេក្ខជនប្រធានាធិបតីមកពី គណបក្សប្រជាធិបតេយ្យរូបនេះ បានប្រើប្រាស់ Email​ ឯកជនរបស់ខ្លួន នៅអំឡុងពេលកាន់ដំណែង ជារដ្ឋមន្ត្រីក្រសួងការបរទេស។ នេះបើតាមការចុះផ្សាយដោយ Channel News Asia​​ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងវេទិកាតស៊ូមតិជុំទី២ (Debate) នៅឯសាកលវិទ្យាល័យ Washington Saint-Louis នៃរដ្ឋ Missouri លោក ត្រំា បានលើក ឡើងថា​ លោកនឹងតែងតំាងក្រុមរដ្ឋអាជ្ញាពិសេសមួយ ដើម្បីស៊ើបអង្កេតជុំវិញ ករណីលោកស្រី គ្លីនតុន ប្រើប្រាស់ Email ឯកជន ព្រោះថាវាបានធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ អំឡុងពេលលោកស្រីនៅជា រដ្ឋ មន្រ្តីការបរទេសរបស់អតីតរដ្ឋបានលោក បារ៉ាក់ អូបាម៉ា អណត្តិទីមួយ ពីឆ្នាំ ២០០៩ ដល់២០១៣។

ទន្ទឹមគ្នានោះដែរ លោកស្រី គ្លីនតុន ក៏បានឆ្លើយតបវិញភ្លាមៗផងដែរ ដោយលោកស្រីបានរំលឹកពី រឿងអាស្រូវវីដេអូរបស់លោក ត្រាំ ដែលបានប្រើពាក្យសម្ដី មិនសមរម្យទៅលើស្រី្ត។ «វីដេអូនោះ មិនអាចបង្ហាញថាគាត់ (លោកត្រំា)​ ជាមនុស្សដូចម្ដេចនោះទេ ក៏ប៉ុន្តែខ្ញុំគិតថា អ្នកដែលបានស្ដាប់លឺគាត់និយាយច្បាស់ លាស់នោះ អ្នកនឹងដឹងថាបុរសម្នាក់នេះជាមនុស្សប្រភេទណា»។  

គួរបញ្ជាក់ថា បន្ទាប់ពីមានរឿងអាស្រូវនេះ ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋមួយចំនួនដូចជា លោក John McCain, លោក Mitt Romney, និង លោកស្រី Condoleezza Rice បានអះអាងថា នឹងមិនបោះឆ្នោតឱ្យលោក ដូណាល់ ត្រាំ ឡើយបើទោះបីជាអ្នកទាំងបីរូបនេះ ស្ថិតនៅក្នុង គណបក្សសាធារណរដ្ឋ ជាមួយលោក ត្រាំ ក៏ដោយដោយពួកគេអះអាងថា លោក ត្រាំ មិនសក្តិសមធ្វើជា ប្រធានាធិបតីអាមេរិក៕