(ភ្នំពេញ)៖ លោក Lee Tae Hoon ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជានាពេលបច្ចុប្បន្ន បានធ្វើការស្នើសុំដល់បណ្តាញ សារព័ត៌មានទាំងអស់ កុំផ្សព្វផ្សាយពីការប្រកួតរបស់កម្ពុជាទាំងស្រុង ទៅកាន់ពិភពលោកខ្លាំងក្លាពេក ព្រោះវាជាបច្ច័យអាក្រក់សម្រាប់ គូប្រជែង សិក្សាពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួន។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងបានថ្លែងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ មុនជួបក្រុមស្រីលង្កាល្ងាច ថ្ងៃអាទិត្យ ទី០៩ ក្នុងមិត្តភាពអន្តរជាតិថា «ប្រការគួរជៀសវាង យើងមិនចាំបាច់ឲ្យមានការផ្សព្វផ្សាយទូលំទូលាយពេកទេពីគ្រប់ការប្រកួត របស់កម្ពុជាទៅកាន់ពិភពលោក ដោយលើកតែចំណុច សំខាន់ៗមួយចំនួនចាប់ពី៤ ទៅ៥នាទីបានហើយ»

លោក Lee ដែលបានចូលដឹកនាំជម្រើសជាតិកម្ពុជាជាលើកទី២នេះ បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយពីការលេងពេញម៉ោងនិងគ្រប់ការ ប្រកួតរបស់កម្ពុជា វាហាក់ដូចជា បង្ហាញស្នៀត និងទិចនិចឲ្យគូប្រជែងឯទៀតបានដឹង និងងាយស្រួលទប់ទល់ទៅវិញទេ។

តែយ៉ាងណាក៏ដោយ នេះជាទស្សនៈយល់ឃើញរបស់គ្រូបង្វឹក និងជាយុទ្ធសាស្រ្ត ដើម្បីយកឈ្នះគូប្រកួតផងដែរ គ្រាដែលទម្រង់លេង និងកីឡាករតែងតែផ្លាស់ប្តូររហូត។

ផ្ទុយពីនេះវិញ រាល់ការប្រកួតរបស់ក្រុមខ្លាំងៗតែងតែមានតាមកញ្ចក់ទូរទស្សន៍ និងគេហទំព័រជានិច្ច និងចាក់ផ្សាយឡើងវិញផងដែរនៅលើ ទូរទស្សន៍កីឡាមួយចំនួននៅលើពិភពលោក ហើយក៏មាន HighLight និងការប្រកួតពេញម៉ោងបង្ហោះនៅលើគេហទំព័រ Youtube ទៀតផង ដោយពុំមានលាក់បាំងអ្វីឡើយ៕