(សេអ៊ូល)៖ ក្រសួងសុវត្ថិភាព និងសន្តិសុខសាធារណៈកូរ៉េខាងត្បូងបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ប្រាំនាក់បានបាត់បង់ជីវិត និងប្រាំនាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង Chaba បានវាយប្រហារមកលើប្រទេសកូរ៉េខាងត្បូង ដោយនាំយកមកជាមួយនូវ កម្លាំងខ្យល់បោកបក់សន្ធប់ ខ្លាំងៗ និងភ្លៀងធ្លាក់ជោគជាំ ដែលបណ្តាលឲ្យមានការជន់លិចយ៉ាងខ្លាំងនៅក្នុងទីក្រុង Ulsan ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូង យុនហ៉ាប់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦។

បើយោងតាមក្រសួងខាងលើ មកទល់ព្រឹកនេះ មនុស្សចំនួនប្រាំនាក់ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត រួមជាមួយនឹងមនុស្សប្រាំនាក់ផ្សេងទៀត នៅក្នុងទីក្រុង Busan, Ulsan ក៏ដូចជាកោះទេសចរណ៍ Jeju បានបាត់ខ្លួន ខណៈក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គីសនីកូរ៉េ KEPCO បានឲ្យដឹងទៀតថា លំនៅឋានប្រមាណ ២២៩,០០០ខ្នង នៅតាមតំបន់ដែលបានទទួលរង ការវាយប្រហារ បានដាច់ចរន្តអគ្គិសនី។

ជាមួយគ្នានេះដែរ ក៏មានខ្សែវីដេអូមួយ បានបង្ហាញឲ្យឃើញ អំពីការជន់លិចដ៏ខ្លាំងក្លា នៅតាមតំបន់មួយចំនួននៃទីក្រុង Ulsan និងទីក្រុង Busan ជាមួយនឹងរថយន្ត ព្រមទាំងអាគារជាច្រើនទៀត កំពុងស្ថិតនៅក្នុងទឹកជំនន់៕