(មីយ៉ាន់ម៉ា)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាថ្លែងថា ភាពរីកចំរើនរបស់សហគមន៍អាស៊ាន ត្រូវការចាំបាច់ឲ្យមានសន្ដិភាព និងស្ថិរភាពនយោបាយ​នៅក្នុងតំបន់។

ក្នុងន័យនេះសម្តេចបានសង្កត់ធ្ងន់ថា អាយប៉ា ត្រូវតែរួមគ្នាជាមួយអាស៊ាន ដើម្បីដោះស្រាយ​រាល់បញ្ហាដែលកើតឡើង​នៅក្នុងតំបន់ ប្រកបដោយសន្ដិវិធី។ ជាមួយគ្នានេះ អាស៊ាន និងអាយប៉ា អាចរួមសកម្មភាពជាមួយគ្នា ដើម្បី​បង្ហាញ​​អោយឃើញ ពីសមិទ្ធផលក្នុងរយៈពេល៥០ឆ្នាំកន្លងមក របស់អាស៊ាន ដែល​ជាការរួមវិភាគទាន​ ក្នុង​ការរក្សាសន្ដិភាពតំបន់ ក៏ដូចជាវឌ្ឍន​ភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា បែបនេះគឺក្នុងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតអាយប៉ា លើកទី៣៧ នាទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។

ក្នុងសុន្ទរកថា ដែលបានថ្លែងទៅកាន់ប្រធានស្ថាប័នសភានៃប្រទេសអាស៊ាន សម្តេចពញាចក្រី បានលើកឡើងជាអនុសាសន៍ថា អាយប៉ា និងអាស៊ានត្រូវលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសបន្ថែមទៀត តាមរយៈការចែករំលែក និង​ផ្លាស់ប្តូរព័ត៌មាន និងការជួប​ប្រជុំមន្រ្ដី​ជំនាញ​នៃស្ថាប័នទាំងពីរ ឲ្យទៀងទាត់។ ភាពរឹងមាំរបស់អាយប៉ា ជាកត្តាមួយដ៏សំខាន់ដើម្បីធានាបាននូវប្រក្រតីភាព និងការប្រព្រឹត្ត​ទៅ​របស់ខ្លួន។

ក្នុងនោះ​ការផ្ដល់អនុសាសន៍ តាមរយៈការដាក់ចេញនូវ សេច​ក្ដី​​​​សម្រេចដល់ប្រទេ​សសមាជិក​អាស៊ានត្រូវតែផ្ដោតលើផលប្រយោជន៍រួម របស់អាស៊ានដោយត្រូវបន្តជំរុញនឹងលើកកម្ពស់លទ្ធភាព នៃការធ្វើសុខុដុមកម្មច្បាប់ ពាក់ព័ន្ធសំខាន់ៗនានា ដែលសំដៅធានា​ផលប្រយោជន៍រួម​របស់ពលរដ្ឋក្នុងអាស៊ាន។

សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៧ ដែលសភាប្រទេសមីយ៉ាន់ម៉ាទទួលរៀបចំនេះ នឹងដំណើរពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ក្រោមប្រធានបទ «ភាពរស់រវើករបស់អាយប៉ា ដើម្បីសហគមន៍អាស៊ានរីកចម្រើន»។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា គឺជាប្រធានសភាមួយរូប ក្នុងចំណោមប្រធានសភា១០ប្រទេសនៃសមាជិកអាយប៉ា ដែលបានឡើង សុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអាយប៉ាលើកទី៣៧៕