(ភ្នំពេញ)៖ នៅថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០១៦​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ លោក ម៉ម​ ប៊ុនហេង​ បានថ្លែងនូវការកោតសរសើរ​ និងអំណរគុណ​ដល់បុគ្គលិក សុខាភិបាលទាំងអស់​ លោកគ្រូពេទ្យ​ អ្នកគ្រូពេទ្យ​ ដែលបាន និងកំពុងយកចិត្តទុកដាក់ផ្តល់សេវាពិនិត្យ​ព្យាបាល​ និងជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋដោយសារការពុលអាហារនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ​ ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងវិជ្ជាជីវ:របស់ខ្លួន​ ដោយមិនខ្លាចការនឿយហត់​ និងមិនបានជួបជុំបងប្អូនញាតិមិត្តក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ​ ដោយជាប់ភារកិច្ចប្រចាំការ​ ២៤​ម៉ោង​ នៅតាមទីតាំងរៀងៗខ្លួន​ និងនៅតាមច្រកចេញ-ចូលអន្តរជាតិទាំងអស់។​

ទន្ទឹមនេះ​ លោករដ្ឋមន្រ្តីក៏សូមអំពាវនាវសារជាថ្ម្មីម្តងទៀត​ សូមឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នការពុលចំណីអាហារ​ ដោយអនុវត្តវិធានការ អនាម័យចំណីអាហារល្អ​ តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដែលបានចេញសេចក្តីជូនដំណឹងរួចហើយក្នុងពេលថ្មីៗនេះ។

លោករដ្ឋមន្ត្រី​ សូមប្រសិទ្ធិពរជ័យ និងសូមឲ្យកុសលផលបុណ្យនៃការលះបង់ពេលវេលាជាមួយក្រុមគ្រួសារសម្រាប់ប្រជាជនកម្ពុជា របស់ក្រុមគ្រូពេទ្យទាំងអស់​ បានដល់លោកអ្នកទាំងអស់​ និងសូមឲ្យមានសុខភាពល្អ​ ជ័យជំនះគ្រប់ភារ:កិច្ច។​ សូមជូនពរដល់ជនរួមជាតិ​ទាំង​អស់​ ជួបប្រទះតែសេចក្តីសុខ និងសុខភាពល្អ​ ទាំងអស់គ្នា​ និងចៀសផុតនូវជំងឺដង្កាត់ផ្សេងៗ៕