(ភ្នំពេញ)៖ សូមអបអរសាទរ! ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាស ៣គ្រឿងបន្ថែមទៀតហើយ ដើម្បីឡើងទៅឈរចំណាត់ថ្នាក់លេខ៧ នៃព្រឹត្តិការណ៍ កីឡាឆ្នេរខ្សាច់អាស៊ី Asian Beach Games លើកទី៥ ដែលកំពុងធ្វើឡើងនៅទីក្រុងដាណាំង ប្រទេសវៀតណាម ។ នេះបើយោងតាមសម្ដីលោក វ៉ាត់ ចំរើន អនុប្រធានប្រតិភូដឹកនាំអត្តពលិកកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ថ្លៃងឲ្យដឹងនៅល្ងាចថ្ងៃទី៣០ ខែកញ្ញានេះ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា មេដាយមាសប្រវត្តិសាស្រ្ដទើបដណ្ដើមបាននេះ គឺរកបានលើប្រភេទកីឡាប៉េតង់ ២គ្រឿង បន្ទាប់ពីយកឈ្នះក្រុមកីឡាប៉េតង់ថៃ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាល្ងាចនេះ ក្នុងនោះទាំងក្រុមបុរស និងក្រុមនារីកម្ពុជា បានយកឈ្នះក្រុមបុរស-នារីថៃ ដោយលទ្ធផល ១៣-៩ពិន្ទុ លើវិញ្ញាសា៣នាក់ ទល់នឹង ៣នាក់ដូចគ្នា។ រីឯមេដាយមាស ១គ្រឿងទៀត គឺរកបានដោយក្រុមកីឡាវ៉ូវីណាម លើវិញ្ញាសាសម្ដែងអាវុធ ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា «មកទល់ពេលនេះកម្ពុជា ដណ្ដើមបានមេដាយសរុប ១២គ្រឿងហើយ រួមមានមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ៧ ។ យើងពិតជាមានមោទនៈភាពខ្លាំង ដែលការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ីឆ្នាំនេះ អត្តពលិកកម្ពុជាអាចបង្កើនប្រវត្តិសាស្ដ្រដណ្ដើមបានមេដាយមាសផ្ទួនៗបែបនេះ ព្រោះពីមុន យើងដណ្ដើមបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ» ។

គួរបញ្ជាក់ថា ការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី Asian Beach Games ឆ្នាំ២០១៦នេះ បានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅ ហើយគ្រោងនឹងបិទបញ្ចប់ការប្រកួតជាផ្លូវការ នៅថ្ងៃទី០៣ ខែតុលាខាងមុខ ។ ព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនអត្តពលិក ៥ប្រភេទកីឡាទៅចូលរួម ក្នុងនោះមានកីឡាប៉េតង់ ចំបាប់ វ៉ូវីណាម ល្បុក្កតោ និងកីឡាបាល់ទះឆ្នេរខ្សាច់ ។ ប៉ុន្ដែអត្តពលិកកម្ពុជា នៅមានសង្ឃឹមស្វែងរកបានមេដាយបន្ថែមទៀត ។ នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន៕