(អង់ការ៉ា)៖ លោក Bekir Bozdag រដ្ឋមន្រ្តីក្រសួងយុត្តិធម៌តួកគី បានឲ្យដឹងនៅថ្ងៃពុធនេះថា មន្រ្តីអាមេរិក បានប្រាប់មកភាគីតួកគីថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុននេះ រដ្ឋាភិបាលអាមេរិក នឹងធ្វើការឆ្លើយតបទៅនឹងការទាមទាររបស់តួកគី ឲ្យចាប់ខ្លួនបុព្វជិតមូស្លីម Fethullah Gulen ដែល ជាប់ចោទពីបទរៀបចំរដ្ឋប្រហារដោយបង្ហូរឈាម នៅប្រទេសតួកគី កាលពីពាក់កណ្តាលខែកក្កដា កន្លងទៅ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយ តាមកញ្ចក់ទូរទស្សន៍ NTV ហើយលោក Bozdag បាននិយាយទៀតថា តួកគីមានបំណងចង់ឲ្យអាមេរិកប្រគល់ខ្លួនលោក Fethulla Gulen ដែលកំពុងស្នាក់នៅរដ្ឋ Pennysylvania និងកាត់ទោសលោក ពីបទធ្វើជាមេខ្លោង នៅពីក្រោយខ្នង នៃការប៉ុនប៉ងទម្លាក់រដ្ឋាភិបាលតួកគី កាលពីថ្ងៃទី១៥ខែកក្កដា។  លោក Gulen ដែលស្ថិតនៅក្នុងវ័យ៧៥ឆ្នាំ បានបដិសេធជាច្រើនលើកមកហើយថា ខ្លួនមិនមានជាប់ពាក់ព័ន្ធអ្វី ទៅនឹងរដ្ឋប្រហារនៅប្រទេសតួកគីនោះឡើយ។

ចំណែកឯទីក្រុងវ៉ាស៊ីនតោនក៏បានអះអាងថា ខ្លួនបាននិងកំពុងបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយនឹងទីក្រុងអង់ការ៉ាលើបញ្ហានេះ ហើយបានស្នើឲ្យសម្ព័ន្ធមិត្តដែលជាសមាជិក NATO មួយនេះ មានការអត់ធ្មត់បន្តិច ខណៈអាមេរិកកំពុងរៀបចំនីតិវិធីនៃការធ្វើបត្យាប័នសម្រាប់លោក Gullen ឲ្យត្រឹមត្រូវទៅច្បាប់របស់អាមេរិក៕