(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានថ្លែងថា មនុស្សបីនាក់នៅបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីឧទ្ធម្ភាគចក្រយោធារបស់កងទ័ពជើងទឹក មួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រ ភាគខាងកើតប្រទេសនៅយប់ថ្ងៃចន្ទ អំឡុងពេលធ្វើសមយុទ្ធយោធារួមជាមួយនឹងសហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។  

អ្នកនាំពាក្យក្រសួងខាងលើបានឲ្យដឹងទៀតថា ឧទ្ធម្ភាគចក្រយោធាជើងទឹក Lynx បានបញ្ជូនសញ្ញា ប្រកាសអាសន្ន ហើយក៏បានបាត់ចេញពីប្រព័ន្ធរ៉ាដាតែម្តង បន្ទាប់ពីបានហោះចេញពីនាវាចម្បាំង មួយគ្រឿងនៅសមុទ្រជប៉ុន នាវេលាម៉ោង ១២៖០០នាទីរំលងអាធ្រាត (ម៉ោងក្នុងរដ្ឋធានីសេអ៊ូល)។ ក្រោយមកឧទ្ធម្ភាគចក្រនេះត្រូវបានគេអះអាងថា បានធ្លាក់ចូលទៅក្នុងសមុទ្រ ខណៈក្រុមរុករកបាន និង កំពុងតែចេញប្រតិបត្តិយ៉ាងស្វិតស្វាញ ដើម្បីតាមរកមនុស្សទាំងបីនាក់ដែលជិះលើនោះ ដោយរួមបញ្ចូលទាំងពីឡុតផងដែរ។

គួរបញ្ជាក់ដែរថា សមយុទ្ធយោធាជើងទឹកអាមេរិក-កូរ៉េខាងត្បូង ដែលបានប្រព្រឹត្តទៅនៅថ្ងៃចន្ទ ម្សិលមិញនេះ គឺជាការសម្តែងនូវអនុភាពយោធារបស់ប្រទេសទាំងពីរមួយកម្រិតទៀត ក្រៅពីការចល័ត យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-1B ហើយទង្វើទាំងនេះគឺជាការឆ្លើយតបទៅ នឹងការធ្វើតេស្ត នុយក្លេអ៊ែរលើកទីប្រាំ របស់កូរ៉េខាងជើង ដែលបានបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េយ៉ាងខ្លាំង៕