(ញូយ៉ក)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថា កងទ័ពរដ្ឋាភិបាលស៊ីរី បានបើកការវាយ ប្រហារតាមផ្លូវអាកាសទៅលើទីតំាងរបស់ក្រុមឧទ្ទាមស៊ីរី នៅភាគខាងកើតទីក្រុងអាឡេប៉ូ ដោយបាន សម្លាប់មនុស្សយ៉ាងហោចណាស់ ៨៥នាក់ និង ជាង៣០០នាក់ផ្សេងទៀតបានរងរបួស នៅថ្ងៃអាទិត្យ ហើយកាលពីថ្ងៃសៅរ៍ វិញក៏មានមនុស្ស ៤៥នាក់ដែរ បានស្លាប់ដោយសារការប្រយុទ្ធ​គ្នានៅស៊ីរី។ នេះតាមការចុះផ្សាយដោយសារព័ត៌មាន CNN​ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។  

ការវាយប្រហារដ៏អាក្រក់ខាងលើនេះ បានកើតឡើងនៅអំឡុងពេលដែល ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាបន្ទាន់មួយស្ដីពីប្រទេសស៊ីរីនៅថ្ងៃអាទិត្យ តបតាមការស្នើសុំ ពីសំណាក់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អង់គ្លេស និង បារំាងដែល ខណៈដែលរុស្ស៊ីបានអះអាងថា វាជាការពិតដែលរុស្ស៊ីមានតួនាទីចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការជួយសង្រ្គោះបទ​ឈប់បាញ់ និងបញ្ឈប់ការវាយប្រយុទ្ធគ្នានៅទីក្រុង អាឡេប៉ូ។

ជុំវិញវិបត្តិស៊ីរីនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន និង សហភាពអឺរ៉ុប បានថ្កោលទោសយ៉ាងខ្លំាង ចំពោះការរំលោភលើច្បាប់ស្តីពីសិទ្ធិ​មនុស្សអន្តរជាតិ​បន្ទាប់ពីការវាយ​ប្រហារ ទម្លាប់គ្រាប់បែកដូចជាទឹកភ្លៀង កាលពីថ្ងៃសៅរ៍ បានផ្ដាច់អាយុជីវិតជនស៊ីវិលក្នុងទីក្រុងអាឡេប៉ូ យ៉ាងហោចណាស់ ៤៥នាក់។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្ដី ថ្លែងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក វ៉ាលីត មូអាល់លឹម បានអះអាងថា កងទ័ពរដ្ឋាភិបាលស៊ីរីបានទទួលជ័យជម្នះយ៉ាងធំធេង តាមរយៈ​ការគំាទ្រ​ពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និង ក្រុមឧទ្ទាម ហេសប៊ូលឡា-លីបង់ ដើម្បីឆ្ពោះទៅរក ជ័យជម្នះចុងក្រោយ។

គួរបញ្ជាក់ថា បទឈប់បាញ់នៅស៊ីរី ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ តែជារឿយៗបទឈប់បាញ់ តែងតែត្រូវបានរំលោភបំពាន ហើយភាគីជម្លោះម្ខាងៗ ចេះតែចោទគ្នាទៅវិញទៅមក ចំណែកឯជនស៊ីវិល នៅតែបន្តរងគ្រោះ ជាក់ស្ដែងគ្រាន់តែបទឈប់បាញ់ព្រមព្រៀងគ្នារវាង សហរដ្ឋអាមេរិក និង​រុស្ស៊ី ដែលបានចូលជាធរមានកាលពីថ្ងៃទី១២ ខែកញ្ញា អស់សុពលភាពនោះ ជនស៊ីវិល ៤៥នាក់ ក្នុងនោះ​ក៏មានកុមារ១០នាក់ និង​ស្រ្តី​៤នាក់ផងដែរ បានស្លាប់ ដោយសារតែការវាយប្រយុទ្ធគ្នា ដ៏អាក្រក់បំផុត នៅទីក្រុងអាឡេប៉ូ កាលពីថ្ងៃសៅរ៍៕