(សេអ៊ូល)៖ មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងមួយរូប បានឱ្យដឹងថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងប្រកាសនៅសប្ដាហ៍ក្រោយនេះ ជុំវិញការជ្រើសរើសទីលានវាយកូនហ្គោលមួយកន្លែង សម្រាប់ធ្វើជាទីតំាងតម្លើងប្រព័ន្ធខែលការពារមីស៊ីល THAAD។ នេះបើយោងតាមការចុះផ្សាយដោយសារ ព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ នៅថ្ងៃអាទិត្យទី២៥ ខែកញ្ញា ឆ្នាំ២០១៦។

ប្រភពដដែល បញ្ជាក់ទៀតថា ការវាយតម្លៃលើទីតំាងចំនួនបីកន្លែងដែលនឹងត្រូវដាក់ពង្រាយព្រ័ន្ធការពារ មីស៊ីល THAAD​ គឺ ស្ថិតនៅក្នុងតំបន់ Seongju នៃខេត្ត Gyeongsang បានបញ្ចប់ស្ទើរតែទំាងស្រុងហើយ រីឯការប្រកាសជាផ្លូវការអាចនឹងត្រូវធ្វើឡើងនៅមុនចុងខែកញ្ញានេះ ពោលគឺនៅបន្ទាប់ពីយោធាកូរ៉េខាងត្បូង ជូនដំណឹងដល់ប្រជាជននៃតំបន់ Seongju​ និង ក្រោយពេលដែលសវនកម្មសភា លើក្រសួងការពារជាតិ និង គណៈកម្មាធិការប្រធានសេនាធិការអន្តរយោធា (JCS) ត្រូវបញ្ចប់នៅថ្ងៃ ពុធ សប្ដាហ៍ក្រោយនេះ។ ​

ដោយឡែក បើយោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ទីលានវាយកូហ្គោល Lotte Skyhill Country Club ស្ថិតនៅចំងាយ១៨គីឡូម៉ែត្រ ពីភាគខាងជើងតំបន់ Seongju នឹងត្រូវបានជ្រើសរើសជាទីតំាង តម្លើងប្រព័ន្ធ ខែលការពារមីស៊ីល THAAD។ ក៏ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺថាប្រជាជននៅក្នុងតំបន់បាននំាគ្នាជំទាស់រួចជា ស្រេចនឹងគម្រោងនេះ ដោយព្រមានថា ពួកគេនឹងធ្វើបាតុកម្មតវ៉ាក្នុងករណីទីលានវាយកូនហ្គោលខាងលើត្រូវ បានគេជ្រើសរើសមែននោះ។ ម្យ៉ាងវិញទៀត ការទិញយកទីលានវាយកូនហ្គោល Lotte Skyhill Country Club ក៏ជាឧបសគ្គមួយដែរ ត្បិតអី សភាកូរ៉េខាងត្បូង នឹងត្រូវអនុម័តលើកញ្ចប់ថវិការដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈទីលានវាយកូនហ្គោលនេះ អាចមានតម្លៃដល់ទៅជាង ១០០ ពាន់លានវ៉ុន ឬស្មើនឹង៩០,៦លានដុលា្លរ អាមេរិក។

សូមជំរាបថា ចិន​ រុស្ស៊ី និង កូរ៉េខាងជើង បានជំទាស់យ៉ាងខ្លំាងទៅនឹងគម្រោងដាក់ពង្រាយប្រព័ន្ធការពារ មីស៊ីល THAAD របស់សហរដ្ឋអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ដោយពួកគេអះអាងថាវាធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខ និង មានតែធ្វើឱ្យភាពតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េកាន់តែកើនឡើងប៉ុណ្ណោះ៕