(ប៉ាគីស្ថាន)៖ មន្ត្រីប៉ូលិសរបស់ប៉ាគីស្ថាន បានអះអាងនៅថ្ងៃសៅរ៍នេះថា រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿង បានជ្រុលចង្កូតធ្លាក់ចូលទៅក្នុងដងទន្លេ ដែលកំពុងមានទឹកហូរខ្លាំង​ស្ថិតនៅតំបន់កាស្មៀ ភាគឦសានប្រទេសប៉ាគីស្ថាន និង បានឆក់យកជីវិតមនុស្ស ២៤នាក់ ខណៈម្នាក់ទៀតបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានទាន់ហេតុការណ៍ នារសៀលថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦។

មន្ត្រីប៉ូលិសនៅតំបន់កើតហេតុលោក Aslam Khan បានបញ្ជាក់ថា រថយន្តក្រុងល្បឿនលឿនខាងលើនេះ បានធ្លាក់ចូលទៅក្នុងដងទន្លេ Neelum នៅយប់ថ្ងៃសុក្រ ហើយនៅពេលទាំងយប់នោះ ក្រុមសង្គ្រោះបានរកឃើញសាកសពតែ ០៤នាក់ប៉ុណ្ណោះ ប៉ុន្តែឈានចូលមកដល់ថ្ងៃសៅរ៍នេះ សាកសពបន្ថែម ២០នាក់ទៀតត្រូវបានគេស្រង់ចេញពីក្នុងទឹក។

គួរបញ្ជាក់ថា រថយន្តក្រុងខាងលើនេះ បានជួបគ្រោះថ្នាក់នៅពេលធ្វើដំណើរដល់ចំណុចគីឡូម៉ែត្រលេខ ៥០ ពីទីក្រុង Muzaffarabad របស់ផ្នែកនៃតំបន់កាស្មៀនៃប្រទេសប៉ាគីស្ថាន។ ការបើកបរទាំងយប់ និងហួសល្បឿនកំណត់ ត្រូវបានប៉ូលិសជឿជាក់ថា ជាមូលហេតុនៃគ្រោះថ្នាក់ដ៏អកុសល្យខាងលើនេះ៕