(បាងកក)៖ មនុស្សពីរនាក់ត្រូវបានបាញ់សម្លាប់ និង ០៧នាក់ទៀតរងរបួស នៅក្នុងក្លឹបកម្សាន្តមួយ កន្លែងនៅលើកោះសាមុយ ភាគខាងត្បូងប្រទេសថៃ ដែលវាបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកលើរថយន្តប៉ូលិសក្នុងខេត្ត យ៉ាឡា ដែលបានបណ្តាលឲ្យប៉ូលិសវ័យក្មេង ០៣នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

ប៉ូលិសថៃបានអះអាងថា ហេតុការណ៍បាញ់គ្នាក្នុងក្លឹប នៃកោះសាមុយ ក្នុងខេត្ត  Surat Tani ភាគខាងត្បូង ប្រទេសថៃនេះ បានកើតឡើងនៅវេលាម៉ោង ២៖០០នាទីរសៀលថ្ងៃសុក្រនេះ ម៉ោងនៅទីក្រុងបាងកក ដោយប៉ូលិសពីររូបដែលចប់ភារកិច្ច បានចូលទៅផឹកស៊ីក្នុងក្លឹប ហើយក៏បាន ទាស់សម្តីគ្នាជាមួយក្រុមក្មេងស្ទាវនៅក្នុងក្លឹមនោះ ទើបក្រុមសន្តិសុខក្នុងក្លឹបឃើញក៏បានចូលមកឃាត់ ហើយក៏បានបង្កជាការបាញ់ប្រហារគ្នាតែម្តង។

យោងតាមកាសែតក្នុងស្រុក សាក្សីបានឮសំឡេងផ្ទុះយ៉ាងហោចណាស់ ០៦ ទៅ ០៧គ្រាប់ ពីក្នុងជម្លោះ រវាងភាគីទាំងបីនៅក្នុងក្លឹប។ សន្តិសុខក្លឹបម្នាក់បានត្រូវគ្រាប់កាំភ្លើងចំបេះដូង បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈមន្ត្រីប៉ូលិសម្នាក់ទៀត បានស្លាប់ដូចគ្នាពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ ដោយឡែកអ្នករងរបួស ទាំង ០៧នាក់មានក្មេងស្ទាវ និង ម្ចាស់ក្លឹបផងដែរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមការផ្សាយរបស់ទូរទស្សន៍ថៃវិញ គឺប៉ូលិសម្នាក់បាន បាញ់រះទៅលើហ្វូងមនុស្សក្នុងជម្លោះដោយ សារតែភាពស្រវឹងនិងមិនអាចទប់កំហឹងបាន ហើយបន្ទាប់មករូបគេត្រូវបានសមត្ថកិច្ចដូចគ្នាចាប់ខ្លួន និងចោទថាបានប្រព្រឹត្តអំពើសម្លាប់រង្គាលមនុស្ស ជាសាធារណ៕