(ភ្នំពេញ)៖ ដើម្បីត្រៀមលក្ខណៈ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ ១៦ខែមេសាឆ្នាំ២០១៥ ខាងមុខ សាលារាជធានីភ្នំពេញ  បានចាប់ផ្តើមលាប កំបោរតាមគល់ឈើ លាបថ្នាំស្ពិចត្រូតាមខឿនចិញ្ចើមថ្នល់ និងតុបតែងលម្អភ្លើង ជាច្រើនកន្លែង ដើម្បីលើកសម្រស់រាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ត្រកាលឡើងថែមទៀត។

មន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនសាលារាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា  ការលាបកំបោរតាមគល់ឈើ និងលាបថ្នាំតាមខឿនចិញ្ចើមថ្នល់ ត្រូវបានធ្វើឡើងនៅ មហាវិថីព្រះសុរាម្រិត មហាវិថីសុធារស វិថីស៊ីសុវត្ថិ មហាវិថីព្រះសីហនុ ផ្លូវជុំវិញវត្តភ្នំ សួនច្បារវិមានឯករាជ្យ សួនច្បារបទុមវតី សួនច្បារច័ន្ទឆៃយ៉ា សួនច្បារមាត់ទន្លេ សួនច្បារមុខក្រសួងការពារជាតិ និង លាបថ្នាំរូបនាគនៅរង្វង់មូលចោមចៅផងដែរ។

មន្ត្រីដដែលរូបនោះបានបញ្ជាក់ទៀតថា សាលារាជធានីភ្នំពេញ ក៏បាននិងកំពុងតុបតែងលម្អភ្លើងពណ៌នៅលើដើមឈើចំនួន ៣៧០ដើម នៅក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ និងមានការតុបតែងភ្លើង ពណ៌ខ្សែតាមដើមឈើ កាត់ទទឹងផ្លូវ នៃមហាវិថីព្រះនរោត្តម សួនច្បារវិមានឯករាជ្យ ព្រះអង្គដង្កើផងដែរ ដើម្បីបង្កើននូវភាពស្រស់ត្រកាល របស់រាជធានីបេះដូង នៃព្រះរាជាណាចក្រកម្ពុជានាពេលរាត្រី៕
 

Photo by LookingTODAY