(សេអ៊ូល)៖ អ្នកតំណារាស្ត្រមួយរូប មកពីគណបក្សកាន់អំណាចរបស់លោកស្រី ផាក គើនហេ បានឱ្យដឹងថា ការចូលលួចទិន្នន័យតាមសារអេឡិចត្រូនិច ឬ Email ប្រព្រឹត្តដោយកូរ៉េខាងជើង មានការកើនឡើងគួរឱ្យបារម្ភ និង បានស្នើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ពង្រឹងសន្តិសុខផ្នែកព័ត៌មានវិទ្យា បន្ថែមទៀត។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។

លោក Joo Kwang-Deok ដែលជាតំណាងរាស្ត្រមកពីគណបក្ស Saenuri Party បានលើកឡើងថា កាលពី ឆ្នាំ២០១៥ ៨៦ភាគរយនៃការវាយប្រហារផ្នែកព័ត៌មានវិទ្យា ពីសំណាក់របបដឹកនំាក្រុងព្យុងយ៉ាង  គឺផ្ដោតទៅលើ ក្រសួងការពារជាតិកូរ៉េខាងត្បូង។ ម្យ៉ាងវិញទៀត កាលពីឆ្នាំមុនរដ្ឋាភិបាលកូរ៉េខាងត្បូង បានរកឃើញករណី ចូលលួចទិន្នន័យ Email ពីកូរ៉េខាងជើង ជាង៧៤ ករណី ជាមួយនឹងការប្រើប្រាស់ លេខសម្ងាត់ក្លែងបន្លំចំនួន ១២ ហើយមិនតែប៉ុណ្ណោះ នៅក្នុងខែកក្កដា ឆ្នាំ២០១៦នេះ កូរ៉េខាងជើង ក៏បានវាយប្រហារផ្នែកព័ត៌មានវិទ្យា ៤៣លើក ប្រឆំាងនឹងកូរ៉េខាងត្បូងផងដែរ ដោយក្នុងនោះមានការចូលលួច Email ២៧ករណី។

គួរបញ្ជាក់ថា បើតាមលោក Joo Kwang-Deok កូរ៉េខាងជើងទំនងជាមានគោលដៅវាយប្រហារ លើគេហទំព័រជាច្រើន ដើម្បីអាចចូលលួចទិន្នន័យសំខាន់ៗ របស់យោធាកូរ៉េខាងត្បូងបន្ថែមទៀត៕