(តូក្យូ)៖ ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយឈ្មោះម៉ាឡាកាស (Malakas) បានបណ្តាលឲ្យមានការបាក់ដី នៅភាគខាងត្បូងប្រទេសជប៉ុន ដោយនាំមកជាមួយនូវ ការធ្លាក់ភ្លៀងយ៉ាងខ្លាំង ដែលបង្កជាទឹកជំនន់ និងបង្ខំឲ្យមានការលុបចោលនូវជើងហោះហើរនៅតំបន់នោះ ឥឡូវនេះអាជ្ញាធរប្រចាំតំបន់ ចេញសេចក្តីប្រកាសឲ្យធ្វើការជម្លៀសខ្លួន ប្រជាជនជាង ៦០០,០០០នាក់ ទៅរកទីសុវត្ថិភាព។ នេះបើតាមការ​ផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ព្យុះទីហ្វុង Malakas ត្រូវបានគេព្យាករណ៍ថា នឹងធ្វើដំណើរតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិចរបស់ប្រទេសជប៉ុន ដោយឆ្ពោះទៅទិសឦសាន សំដៅរកទីក្រុងតូក្យូ មុននឹងវាចុះថយកម្លាំង ហើយចាកចេញទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃពុធស្អែក។

ជាមួយគ្នានេះដែរ ទីភ្នាក់ងារព័ត៌មានជប៉ុនជីជី បាននិយាយថា សេចក្តីប្រកាសឲ្យធ្វើការជម្លៀសខ្លួន ត្រូវបានធ្វើឡើងនៅតាមតំបន់ចំនួន០៦ នៅភាគខាងលិចប្រទេសជប៉ុន ដែលមានប្រជាជនសរុប ប្រមាណ ៦៣២,៥០០នាក់។ ទីភ្នាក់ងារដដែលបានឲ្យដឹងទៀតថា មានមនុស្សពីរនាក់បានទទួលរងរបួស នៅភាគខាងត្បូងកោះ Kyushu ខណៈប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា ជើងហោះហើរក្នុងប្រទេសជាង១០០ ត្រូវបានលុបចោល។

ជាចុងក្រោយ ទីភ្នាក់ងារឧតុនិយមជប៉ុន បានអះអាងថា នឹងមានភ្លៀងធ្លាក់ខ្លាំងជោគជាំ នៅតាមបណ្តោយឆ្នេរ ប៉ាស៊ីហ្វិកជប៉ុន នៅយប់ថ្ងៃអង្គារនេះ ហើយបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមតំបន់នោះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ទឹកជំនន់ ការរអិលបាក់ដី និងទឹករលកដែលមានកម្ពស់ខ្ពស់ ដែលនឹងអាចកើតមានឡើង៕