(ភ្នំពេញ)៖ មន្ទីរសំរាកព្យាបាលកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ មានរៀបចំកម្មវិធី សូត្រមន្តប្រោសព្រំ និងអបអរសារទរខួប២ឆ្នាំរបស់ខ្លួន ជាមួយនឹងភាពជោគជ័យ ក្នុងការជួយឲ្យគូស្វាមីភរិយា លំបាកមានកូនរាប់រយគ្រួសារ ឲ្យមានកូនដូចបំណង តាមរយ:បច្ចេកវិទ្យាបង្កកំណើតកូនក្នុងកែវ។

លោក ហោ សំណាង អគ្គនាយក និងជាស្ថាបនិកនៃមន្ទីរសំរាកព្យាបាលកម្ពុជា បានថ្លែងថា «អស់រយៈពេល២ឆ្នាំកន្លងមកនេះ មន្ទីរសំរាកព្យាបាលកម្ពុជា សម្រេចបាននូវ សមិទ្ធផលយ៉ាងច្រើន រួមមានការចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដែលបណ្ដាលមកពីការលំបាកមានកូន សំរេចបាននូវអត្រាជោគជ័យ នៃអត្រាតោង ជាប់ (Implantation Rate) ខ្ពស់ជាងទ្បាបូនៅប៉ែកអឺរ៉ុប និងអាមេរិក ជាពិសេស គឺធ្វើអោយ សាកលលោកទទួលស្គាល់នូវបច្ចេកវិទ្យាជួយបង្កកំណើតនៅកម្ពុជា»។

លោកបានបន្ដទៀតថា ជាក់ស្ដែងគិតមកត្រឹមថ្ងៃនេះ មានប្រជាពលរដ្ឋ ដែលជួបការលំបាកមានកូន បានទទួលការព្យាបាល និងទទួលជោគជ័យប្រមាណជា ១០៤០គ្រួសារ ក្នុងនោះអតិថិជន ដែលជោគជ័យ ដោយជ្រើសរើសការបង្កកំណើតកូនក្នុងកែវ (IVF) មានចំនួន ៣១៦គ្រួសារ។

តាមរយ: វីដេអូខ័នហ្រ្វិន ពីប្រទេសបារាំង របស់លោកស្ត្រាចារ្យ Dominique ប្រធានផ្នែកអរមូន និងការលំបាកមានកូន នៅមន្ទីរពេទ្យ Cochin Paris Decartes បានបញ្ជាក់ថា FCC សំរេចអត្រាជោគជ័យ កូនតោងជាប់៦៧ភាគរយខ្ពស់ជាង ទ្បាបូបង្កកំណើត នៅខាងអឺរ៉ុប ដែលមានអត្រាជោគជ័យ ត្រឹមតែ២៨ ទៅ៤១ភាគរយតែប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៏ របស់ស្ថាប័នបច្ចេកវិទ្យា ជួយបង្កកំណើតនៅអឺរ៉ុប ឆ្នាំ ២០១៦ European Society of Human Reproduction and Embryology (ESHRE) ។ ដោយទ្បែក បើយោងតាម របាយការណ៏ផ្លូវការរបស់ស្ថាប័នបច្ចេកវិទ្យា ជួយបង្កកំណើតនៅអាមេរិក American Society for Reproductive Medicine (ASRM) អត្រាជោគជ័យ នៅប្រទេសអាមេរិកក្នុងឆ្នាំ ២០១៦ នេះមានត្រឹមតែ ៥៤% តែប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ ក៏បានចូលរួមអបអរសាទរលទ្ធផល ដែល FCC អាចសំរេចបាន ក៏ដូចជាមានមោទនភាព ចំពោះប្រទេសកម្ពុជា ដែលអាចធ្វើអោយសាកលលោកភ្ញាក់ ផ្អើលពីលទ្ធផលដ៏ខ្ពស់នៃបច្ចេកវិទ្យានេះ។

ចំពោះមូលហេតុដែលនាំអោយ មានអត្រាជោគជ័យខ្ពស់នេះ ដោយសាតែអរមូនអីសត្រូស៊ែនរបស់ស្ត្រីនៅអាស៉ី ទ្បើងខ្ពស់ជាងស្ត្រីនៅអឺរ៉ុប និងអាមេរិក បន្ទាប់ពីចាក់ថ្នាំភ្ញោចពងញី ដូច្នេះហើយ ទើបមន្ទីរសំរាកព្យាបាល កម្ពុជា សំរេចដាក់កូនបង្កក ជាជាងការដាក់កូនស្រស់ ក្រោយពេលបង្កាត់រួច។ លទ្ធផលជោគជ័យនេះ គឺជាមុខមាត់របស់ប្រទេសកម្ពុជា ក្នុងផ្នែកបច្ចេកវិទ្យាជួយបង្កកំណើត ទាំងនៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ ។

ជាមួយគ្នានេះដែរ លោក ហោ​ សំណង ក៏បានឲ្យដឹងទៀតថា ជោគជ័យទាំងនេះ គឺបានមកពីកត្តាសំខាន់ៗ៣យ៉ាងរួមគ្នាគឺ៖ ១-មានការលើកទឹកចិត្ត និងគាំទ្រពីក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល, ២-កត្តាធនធានមនុស្សដោយសារតែ នៅមន្ទីរព្យាបាលកម្ពុជាមាន វេជ្ជបណ្ឌិតមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ និង ៣-ការមានសំភារៈទំនើបៗ និងចុងក្រោយ ក្នុងការព្យាបាល។ មន្ទីរសម្រាកព្យាបាលកម្ពុជា មានទីតាំងស្ថិតនៅខាងជើង របងបឋមសិក្សាដូនពេញ ទូរស័ព្ទ ០២៣ ២២២២ ៩៥៕

តំណាងគ្រួសារ និងកូនៗដែលកើតចេញពីបច្ចេកវិទ្យាបង្កកំណើតកូនក្នុងកែវ នៅ FCC