(ភ្នំពេញ)​៖​ សមត្ថកិច្ច​ការិយាល័យ​អនុវត្ត​ដីកា ​នៃ​នាយកដ្ឋាន​គបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​អ្នក​គ្រប់​គ្រង​ ផលិតកម្ម ភាពយន្ត​ Long Production បញ្ចូន​ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​បទ រំលោភ​លើ​ទំនុប​ចិត្ត​ នូវទឹកប្រាក់ ៣៩០០០ដុល្លារ។

ការបញ្ជូនខ្លួនមកសាលារដំបូងរាជធានីភ្នំពេញនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។ អ្នក​គ្រប់​គ្រង​រូប​នេះ​មាន​ឈ្មោះ​​ ពេជ្រ​ ច័ន្ទ​បូរី​ ភេទប្រុស​ អាយុ​៣៣​ឆ្នាំ​ យោង​ទៅលើ​បណ្តឹង​របស់​ឈ្មោះ​ ស៉ឹម​ សូឡង​ អាយុ​៣៥ឆ្នាំ​ ជាថៅកែ​ផលិតកម្ម​សំណុំ​រឿង​ជនសង្ស័យ​ ស្ថិត​នៅ​ដៃ​ព្រះរាជអាជ្ញារង លោក​ គុជ​ គឹម​ឡុង​ ។

ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យដឹងថា​ កន្លង​ទៅ​ឈ្មោះ​ស៉ឹម​ សូឡង​ ជា​ថៅកែ​ផលិតកម្ម​បានឲ្យ​ឈ្មោះ​ ពេជ្រ​ ច័ន្ទ​បូរី​ ដែល​ជា​អ្នក​គ្រប់គ្រង​ផលិតកម្ម ​ទៅទិញ​សម្ភារៈ​បំពាក់​ស្ទូយឌីយ៉ូ​ ហើយ​ឈ្មោះ​ ពេជ្រ​ ច័ន្ទ​បូរី​ បាន​ទិញ​សម្ភារៈ​បំពាក់​ស្ទូយឌីយ៉ូ​តាម​ដែល​ម្ចាស់​ប្រើ​ ពេល​ដែល​ទៅទិញ​យកមក​បំពាក់​បាន​ហើយ​។​ ថ្ងៃ​មួយ​ម្ចាស់​ត្រួត​ពិនិត្យ​សម្ភារៈ​ ហើយ​នៅពេល​ដែល​ពិនិត្យ​ទៅ​ ឃើញ​ថា​ សម្ភារៈ​ដែល​ឈ្មោះ​ ពេជ្រ​ ច័ន្ទ​បុរី​ បានទិញ គឺសុទ្ធតែ​សម្ភារៈប្រភេទ​លេខ​២​។​ ឃើញ​ដូច្នេះ​ម្ចាស់​ផលិតកម្ម​ ក៏បាន​ ឲ្យ​អ្នក​គ្រប់​គ្រងឈ្មោះ​ ពេជ្រ​ ច័ន្ទ​បុរី​​ យកទៅ​សម្ភារៈ​ទាំង​នោះ​ទៅ​ដូរ​យក​សម្ភារៈ​លេខ​មួយ​មក​វិញ​ ដូច្នេះ​ឈ្មោះ​ពេជ្រ​ ច័ន្ទ​បុរី​ ក៏ដោះ​សម្ភារៈ​ទាំង​នោះ​ទៅ​ នឹងបានយកទៅបាត់តែម្តង​។

លុះ​ពេល​ដល់​ថ្ងៃ​ផលិតកម្ម​ត្រូវ​ថត​ ស្ទូយឌីយ៉ូ​នោះ​ មិន​ទាន់ត្រូវ​បាន​បំពាក់​ឧបករណ៍​ឡើង​វិញ​នៅឡើយ​ ដូច្នេះ​ម្ចាស់​ផលិតកម្ម​ហៅ​ឈ្មោះ​ ពេជ្រ​ ច័ន្ទ​បុរី​ មក​សួរ​ ហើយ​ឈ្មោះ ​ពេជ្រ​ ច័ន្ទ​បុរី​ ចេះ​តែ​ឆ្លើយ​ដោះ​សារ​ និង​ព្យាយាម​គេច​ខ្លួន​ មូល​ហេតុ​ទាំង​នេះ​បាន​ជា​ម្ចាស់​ផលិតកម្ម​ដាក់​ពាក្យ​បណ្ដឹង ​ទៅ​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ បានធ្វើ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ ​ជនសង្ស័យ​កាល​ពី​ថ្ងៃ​ទី​០៧​ កញ្ញា​ ឆ្នាំ​២០១៦​ ពីបទ​រំលោភ​លើ​ទំនុក​ចិត្ត​៕