(ពោធិ៍សាត់)៖ គួរឲ្យអាសូរណាស់លោកអើយ! បុរសម្នាក់ជិះកង់បម្រុងឆ្លងផ្លូវ ត្រូវបានរថយន្តដឹកទំនិញ ម៉ាកFuso បុកពីក្រោយ ស្លាប់យ៉ាងអាណោចអាធ័ម ហើយសាកសពមើលលែងយល់ នៅម៉ោង១១៖១៥នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូលផ្តិល ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ហន អាយុ៤៨ឆ្នាំ រស់នៅភូមិលលកស សង្កាត់លលកស ក្រុងពោធិ៍សាត់ បានជិះកង់បម្រុងនឹងឆ្លងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានរថយន្ត យីឌុបដឹកទំនិញម៉ាក Fuso ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ 3A-2426 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានបុកជនរងគ្រោះ ពេញមួយទំហឹង បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធមតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលក្រុងពោធិ៍សាត់ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដោយឡែក ម្ចាស់រថយន្តរត់គេចខ្លួន បាត់ស្រមោល។ រថយន្តបង្កគ្រោះថ្នាក់ត្រូវបានកម្លាំងជំនាញ យកមករក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំដោះស្រាយនៅពេលក្រោយ៕