(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជូនជនសង្ស័យពីរនាក់ ម្ដាយ និងកូនប្រុស ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ទៅកាន់តុលាការដើម្បីបន្តការសួរនាំចាត់ការតាមច្បាប់។

លោក គង់ ស៊ីដន ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានប្រាប់ភ្នាក់ងា Fresh News ឲ្យដឹងថា កម្លាំងរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពីរនាក់ ម្តាយ និងកូននៅសង្កាត់អូរឫស្សី ក្រុងក្រចេះនៅយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ដោយដកហូតបានវត្ថុតាំងរួមមាន៖ម្ស៉ៅក្រាមពណ៌សតូចធំ១០កញ្ចប់ ម៉ូតូមួយគ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។

លោកថា ជនសង្ស័យជាម្តាយមានឈ្មោះ សូ គឹមស៊ាន អាយុ៧៧ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ សកម្មនៅក្នុងសង្កាត់អូរឬស្សី និងតាំងជាយូរណាស់មកហើយ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ហាក់ ប៊ុនធឿន អាយុ៤០ឆ្នាំ ត្រូវជាកូនប្រុសបង្កើត៕