(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចនឹងនៅតែបន្តដើរទាក់ម៉ូយតទៅទៀតទោះបីក្រុមប្រឆាំងមិនសប្បាយចិត្តក្តី ដើររកអ្នកវិនិយោគមកធ្វើការវិនិយោគនៅក្នុងស្រុកឱ្យបានកាន់តែច្រើនបន្ថែមទៀត ហើយការដើរទាក់ម៉ូយនេះដើម្បីធ្វើយ៉ាងណាឱ្យកូនចៅជំនាន់ក្រោយកាន់តែមានសមិទ្ធផលបានកាន់តែច្រើនថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូងគេបង្អស់នៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ ប្រកបដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «គេវៃខ្ញុំពីរ មានរឿងទាក់ម៉ូយ និងរឿងអួត ឥលូវខ្ញុំបន្តប្រើពាក្យនេះព្រោះខ្ញុំមានមោទនភាព ហើយទាក់ម៉ូយខ្ញុំនៅបន្តនិយាយព្រោះខ្ញុំនៅដើរទាក់ម៉ូយមែន ទៅបញ្ចុះបញ្ចូល តែទាំងអស់នេះគឺជាសមិទ្ធផលរួមរបស់ជាតិរបស់យើង»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការដើរទាក់ម៉ូយនេះគឺយកមកឱ្យប្រជាពលរដ្ឋ និងកសិរមានការងារធ្វើ ហើយសម្តេចនឹងនៅតែបន្តដើរទាក់ម៉ូយតទៅទៀត ព្រោះលទ្ធផលនៃការដើរទាក់ម៉ូយនេះគឺធ្វើឱ្យអ្នកដែលនៅវិនិយោគស្រាប់បានកាន់តែជោគជ័យ តាមរយៈការជជែកជាមួយអ្នកដែលចង់មកវិនិយោគបន្ថែម ដែលនេះគឺជាលទ្ធផលដែលបានយ៉ាងធំធេងណាស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងដែរថា អ្នកវិនិយោគដែលជោគជ័យ គឺបានមកពីការគាំទ្ររបស់ស្ថាប័នរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ជាក់ស្តែងរោងចក្រផលិតទឹកដោះគិរីសួគ៌ បើប្រជាពលរដ្ឋមិនគាំទ្រ គ្មានទីផ្សារយកទៅដាក់លក់បន្តនោះទេ នោះមិនអាចដំណើរការបាននោះទេ។ នេះហើយជាសមិទ្ធផលរួមដែលសម្តេចបានបញ្ជាក់ថា សម្តេចអួតនោះ គឺដោយសារខ្មែរយើងបានរួមគ្នាកសាងបានសមិទ្ធផលពីមួយឆ្នាំ ទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់កាន់តែធំឡើងៗជាប្រវត្តិសាស្ត្រសម្រាប់ខ្លួនយើង ដែលនេះហើយជាការអួតរបស់យើងនោះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្តេចនឹងនៅតែបន្តអួតតទៅទៀត និងនៅតែបន្តទាក់ម៉ូយតទៅទៀត និងត្រូវរួមគ្នាទាក់ម៉ូយថែមទៀត ដើម្បីកូនចៅយើងកាន់តែមានសមិទ្ធផលបានកាន់តែច្រើនថែមទៀតផងដែរ៕