(វ៉ាស៊ីនតោន)៖ កងកម្លាំងទ័ពអាកាសអាមេរិក និងសម្ព័ន្ធមិត្តបានចេញប្រតិបត្តិការទម្លាក់គ្រាប់បែក ទៅលើខេត្តអ៊ីដលីប ភាគឦសានប្រទេសស៊ីរីកាលពីសប្តាហ៍មុន និង បានសម្លាប់លោក Abu Muhammad Al-Adnani អ្នកនាំពាក្យយូរឆ្នាំតែម្នាក់គត់របស់ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិកលោក Peter Cook បាននិយាយថា «យើងកំពុងតែសម្រេចគោលដៅ នៃការវាយប្រហារខាងលើនេះបន្ថែមទៀត ប៉ុន្តែការស្លាប់របស់ Al-Adnani គឺជារឿងមួយដែលធ្វើឲ្យក្រុម ISIS កាន់តែចុះខ្សោយថែមទៀត»។ អ្នកនាំពាក្យដែលមានសមត្ថភាព អាចចាត់ចែងទ័ពស្រួចខាងលើនេះ បានស្លាប់ពេលកំពុងរៀបចំកម្លាំងដើម្បីវាយលុកទីក្រុង អាឡេប៉ូ ភាគខាងជើងស៊ីរី។

គួរបញ្ជាក់តាមប្រវត្តិរូបរបស់លោក Al-Adnani ក៏ជាធ្លាប់ស្ថិតនៅក្នុងជួរក្រុមសកម្មប្រយុទ្ធ ដែលបានចេញ យុទ្ធនាការប្រឆាំងការលុកលុយរបស់អាមេរិក ចូលមកកាន់អ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ ផងដែរ។ លោកមាន ស្រុកកំណើតនៅខេត្តអ៊ីដលីប របស់ប្រទេសស៊ីរី ហើយក៏ធ្លាប់រៀបចំការវាយប្រហារ បង្ហូរឈាមជាច្រើន លើកថែមទៀត ព្រមទាំងជាប់រហ័សនាមតមកថា «អ្នកប្រយុទ្ធចចកដ៏អមតៈ»