(កណ្ដាល)៖ ស្ត្រីវ័យក្មេងមួយរូប ដែលគេនៅមិនទាន់ស្គាល់ អត្តសញ្ញាណច្បាស់លាស់នៅឡើយ ត្រូវបានមន្ត្រីអាជ្ញាធរសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ សហការគ្នាតាមរកឃើញ នៅក្នុងបន្ទប់ជួល មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោយពីរូបនាងមានវិបត្តិផ្លូវចិត្ត លេបថ្នាំសម្លាប់ខ្លួន ហើយក្រោយពីលេបភ្លាម ក៏ទូរស័ព្ឌចូលទៅកាន់ប៉ុស៌្ដវិទ្យុ ABC ដើម្បីធ្វើការផ្ដែផ្ដាំ ទៅអតីតប្ដី និងញាតិមិត្ត ក៏ត្រូវបានពិធីករវិទ្យុសហការជាមួយ សមត្ថកិច្ចតាមរកឃើញភ្លាមៗ ហើយជួយសង្គ្រោះទាន់។

ហេតុការណ៏នេះ បានកើតឡើងនៅម៉ោងប្រមាណជិត ១០ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ។ ក្នុងនោះនៅវេលាម៉ោង ប្រមាណ ១០ព្រឹក គេស្ដាប់ឮស្ត្រីម្នាក់ទូរស័ព្ឌចូល ទៅកាន់វិទ្យុ ABC ដែលកំពុងផ្សាយផ្ទាល់ ដោយរៀបរាប់ថានាងបានលេបថ្នាំប៉ារ៉ា និងថ្នាំងងុយដេក អស់ប្រមាណ ៤០គ្រាប់ ដើម្បីសំលាប់ខ្លួនដោយសារតែ នាងមានវិបត្តិផ្លូវចិត្ត ជាពិសេសជាមួយអតីតប្ដី ដែលបែកគ្នាប្រមាណ ៧ឆ្នាំហើយ នៅតែតាមរុកគួននាងរហូតមក។

នាងបានរៀបរាប់ថា ខណៈនាងកំពុងនិយាយទូរស័ព្ឌនេះ នាងបានលេបថ្នាំសម្លាប់ខ្លួន អស់ជាង ៤០គ្រាប់រួចហើយ នាងសុំផ្ដាំទៅអតីតប្ដីកុំតាមចងកម្មពារនាងអី និងផ្ដាំទៅញាតិ មិត្តបងប្អូនផងដែរថា នាងលាហើយ។ ខណៈកំពុងនិយាយទូរស័ព្ឌផ្ដែផ្ដាំនេះ ទូរស័ព្ឌបានដាច់ ហើយបុគ្គលិកវិទ្យុ ក៏ព្យាយាមទូរស័ព្ឌទាក់ទង ជាបន្តបន្ទាប់ដើម្បី លួងលោមប្រយោជន៏ អោយនាងរឹងមាំ និងប្រាប់ទីតាំងដែលនាងនៅ។ តែអាការៈរបស់នាងតាម ការស្ដាប់សំលេងហាក់ដូចជាទន់ទៅៗ ដោយនាងអះអាងថា នាងនៅក្នុងបន្ទប់តែម្នាក់ឯង ប៉ុណ្ណោះគ្មានកំលាំងសូម្បីតែដើរទៅយកទឹកផឹក តាមការណែនាំរបស់ពិធីករ ហើយក៏មិនប្រាប់ពីទីតាំងនោះដែរ។

តាមព័ត៏មានចុងក្រោយ ពិធីករវិទ្យុ ABC បានសហការជាមួយសមត្ថកិច្ច និងក្រុមហ៊ុនទូរស័ព្ឌ ដែលនាងប្រើទូរស័ព្ឌ ទៅវិទ្យុក៏រកទីតាំងឃើញ ហើយក៏នាំគ្នាទៅជួយធ្វើ ការសង្គ្រោះដោយនាំគ្នា ធាក់ទំលុះទ្វារចូល តែគេមិនទាន់ដឹងពីលទ្ធផល នៅឡើយនោះទេ ខណៈបច្ចុប្បន្ននាងកំពុងស្ថិតនៅក្នុង ការជួយសង្គ្រោះរបស់មន្ទីពេទ្យបង្អែក ស្រុកអង្គស្នួល នេះបើយោងតាមការផ្សាយ របស់វិទ្យុ ABC៕