(ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖៣០នាទីនេះ​ព្រឹកថ្ងៃនេះ គណៈកម្មការព្រំដែន កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំហើយ នៅទីស្តីការ គណៈរដ្ឋមន្រ្តី  ដោយមានរបៀបវារៈមួយចំនួន ក្នុងនោះភាគីកម្ពុជាក៏នឹងគ្រោងសួរដេញដោល អំពីកំណត់ទូតពាក់ព័ន្ធនឹងការ រំលោភបំពាន របស់ភាគីវៀតណាម នៅតាមតំបន់ព្រំដែនមួយចំនួន របស់កម្ពុជាផងដែរ។

កិច្ចប្រជុំគណៈកម្មការព្រំដែន កម្ពុជា-វៀតណាម​៖ ភាគីក​ម្ពុជាដឹកនាំ ដោយលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែន និងភាគីវៀតណាមដឹកនាំដោយលោក Le Hoai trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។

កិច្ចប្រជុំនេះមានររបៀបវារមួយចំនួន៖ ពិនិត្យមើលសេចក្តីព្រាងរបស់នាយករដ្ឋមន្រ្តី នៃប្រទសទាំងពីរ ស្នើក្រុមបច្ចេកទេសបារាំងជួយលើកិច្ចការព្រំដែន និងបញ្ហាជីកស្រះទឹក និងសង់ប៉ុស្តិ៍នៅតាមព្រំដែន។

លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា ធ្លាប់បានប្រាប់ Fresh News នៅចុងសប្តាហ៍មុនថា បញ្ហាសំខាន់ក្នុងការជជែកគ្នា រវាងកម្ពុជា-វៀតណាម នាពេលនេះ រួមមានដូចជាការឯកភាពគ្នារវាងប្រទេសទាំងពីរ ក្នុងការស្នើឱ្យ បារាំងជួយបច្ចេកទេស អំពីការគូសផែនទី និងរឿងដែលសម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់វៀតណាម ដែលមិនទាន់ដោះស្រាយ កន្លងមក៕