(ភ្នំពេញ)៖ គណៈកម្មការព្រំដែន កម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃចន្ទនេះ ដោយមានរបៀបវារៈមួយចំនួន ក្នុងនោះភាគីកម្ពុជា​ ក៏នឹងគ្រោងសួរដេញដោល អំពីកំណត់ទូត ពាក់ព័ន្ធនឹងការរំលោភបំពាន របស់ភាគីវៀតណាម នៅតាមតំបន់ព្រំដែនមួយចំនួន របស់កម្ពុជាផងដែរ។

លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា ធ្លាប់បានប្រាប់ Fresh News នៅចុងសប្តាហ៍មុនថា បញ្ហាសំខាន់ក្នុងការជជែកគ្នា រវាងកម្ពុជា-វៀតណាម នាពេលនេះ រួមមានដូចជាការឯកភាពគ្នារវាងប្រទេសទាំងពីរ ក្នុងការស្នើឱ្យបារាំងជួយបច្ចេកទេស អំពីការគូសផែនទី និងរឿងដែលសម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់វៀតណាម ដែលមិនទាន់ដោះស្រាយកន្លងមក។

លោក វ៉ា គឹមហុង បានថ្លែងថា «មានបញ្ហាមួយចំនួន ដូចជាបញ្ហាដែលយើងត្រូវធ្វើលិខិតឯកភាពគ្នា ដើម្បីដាក់ជូននាយករដ្ឋមន្រ្តី ប្រទេសទាំងពីរ ផ្ញើទៅប្រទេសបារាំងសុំឱ្យពួកគេ ជួយផ្នែកបច្ចេកទេសនៅតំបន់ ដែលយើងមិនឯកភាពគ្នាអំពីការគូសចម្លងផែនទី ក្រៅពីនោះក៏មានបញ្ហាបច្ចកទេស ដែលនាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន ស្នើទៅភាគីវៀតណាម ដែលមិនទាន់ដោះស្រាយនោះ យើងនឹងជជែកជាមួយគ្នាទៀត»។ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបន្ថែមថា «រឿងរំលោភនៅតាមបណ្តោយព្រំដែន រឿងជីកស្រះ ការសាងសង់អគារ នៅតំបន់ដែលយើងហាមឃាត់ អាហ្នឹងក៏យើងនឹងយកមកជជែកដែរ»

សូមបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៦ បានផ្ញើកំណត់ទូតជាថ្មី ស្នើឲ្យវៀតណាមបញ្ឈប់សកម្មភាពនានា ដូចជាការជីកស្រះ សង់ប៉ុស្តិ៍ និងផ្លូវជាដើម នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ស្វាយរៀង កណ្តាល និងខេត្តតាកែវជាដើម។

ក្រសួងការបរទេសបានរំលឹកឡើងវិញ ពីសកម្មភាពរបស់វៀតណាមដែលបានសាងសង់ប៉ុស្តិ៍ព្រំដែន ផ្លូវ ជីកស្រះ និងសាងសង់សំណង់នានា នៅតាមបន្ទាត់ព្រំដែន ដោយបានបញ្ជាក់ថា ការសាងសង់នេះគឺជាការរំលោភបំពានមកលើដែន អធិបតេយ្យរបស់កម្ពុជា។

កាលពីខែកក្កដា ឆ្នាំមុន កម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងជាមួយគ្នាម្តងរួចទៅហើយ ក្នុងនោះភាគីទាំងពីប្តេជ្ញាបញ្ចប់កិច្ចការព្រំដែន ឱ្យបានចប់នាពេលខាងមុខ អនុវត្តស្មារតី នៃសេចក្តីប្រកាសព័ត៌មានរួមចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ស្តីពីការរក្សាស្ថានភាពបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែន និងឯកភាពគ្នាដោះស្រាយរាល់បញ្ហាបាតុភាព ដែលកើតមាននៅតំបន់បណ្តោយព្រំដែនផងដែរ៕