(ព្រះសីហនុ)៖ នៅរសៀលថ្ងៃអាទិត្យនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាល និងពិភាក្សាជាមួយក្រុមអាជីវករ ដែលរកស៊ីលក់ដូរនៅតាមឆ្នេរសមុទ្រ ក្នុងព្រះសីហនុ ដើម្បីពង្រឹងចំពោះសេវាកម្ម និងភាពអនាម័យចំណីអាហារ ព្រមទាំងសុវត្ថិភាព ដល់ភ្ញៀវទេសចរ ដែលមកកំសាន្តលេង។

ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងទៀតថា កិច្ចពិភាក្សានេះមានការចូលរួមពីស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ ជួន ណារិន្ទ និងមេបញ្ជាការកងរាជអាហត្ថខេត្ត ព្រមទាំងមន្រ្តីរាជការ និងបងប្អូនអាជីវករជាច្រើននាក់។

កិច្ចជួបសំណេះសំណាលជាមួយអាជីវករនេះ ធ្វើឡើងបន្ទាប់ពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បាននិមន្តព្រះសង្ឃចំនួន១៥អង្គ សូត្រមន្តនៅឆ្នេរសមុទ្រអូរឈើទាល ដើម្បីសុំសេចក្តីជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកកំសាន្តនៅឆ្នេរសមុទ្រ៕