(ភ្នំពេញ)៖ លោក​ អ៊ាង​ សីុផាន​ អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រៀមលក្ខណៈសម្រាប់ការចុះឈ្មោះ បោះឆ្នោត នាពេលខាងមុខ ដីច្នេះសូមអាជ្ញាធរសង្កាត់ត្រៀមលក្ខណៈ ដើម្បីជួយដល់ បងប្អូនប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។

លោក​ អ៊ាង​ សីុផាន​ ថ្លែង​បែប​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា​ ឆ្នាំ​២០១៦​ ក្នុងឱកាសដែលលោក បានដឹកនាំមន្ត្រីកាកបាទក្រហម នាំយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ស្ត្រីទុរគត៌ ខណ្ឌ​ច្បារ​អំពៅ​។

លោក​ ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា អំណោយដែលត្រូវចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ​ ៣០គីឡូក្រាម មី១កេស​ ​​ទឹកត្រី១យួរ​ទឹកស៊ីអ៊ីវ ១យួរ ​ ត្រីខ១យួរ ​ឃីត១កញ្ចប់មាន ​ភួយ១ មុង១ សារុង១ ​ក្រមា១​ រួមនឹងថវិកា៣ម៉ឺនរៀល។

ក្នុងឱកាសនោះលោក​ អ៊ាង សុីផាន ​អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ​ បាន​មានប្រសាសន៍​ពាំនាំនូវក្តីនឹករលឹកយ៉ាងក្រៃលែង​​ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ​ប្រជាពលរដ្ឋ​ថា​ ថ្វីត្បិតតែពេលនេះសម្តេច មិនមាន​វត្តមានដោយផ្ទាល់ក្តី ​ប៉ុន្តែចិត្ត​របស់​សម្តេច​ប្រធានកាកបាទក្រហមកម្ពុជា តែង​ឋិតនៅក្បែរបងប្អូនជានិច្ច។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន តែងតែ​ក្រើនរំលឹកដល់​​មន្ត្រីក្រោមឱវាទធ្វើយ៉ាងណា​ ត្រូវយកចិត្តទុកដាក់ខ្ពស់​ ទៅលើប្រជាពលរដ្ឋក្រីក្រ​លំបាកតោកយ៉ាក​ ចាស់ជរា ​អ្នក​កើតជំ​ងឺរុំារៃ និង​ជាពិសេសពលរដ្ឋផ្ទុក​មេរោគអេដស៍​ គឺមិនត្រូវមើលរំលងជាដាច់ខាត ​ព្រោះសុខទុក្ខរបស់​ពលរដ្ឋកម្ពុជា គឺជា​សុខ​ទុក្ខរបស់​សម្តេច​កត្តិព្រឹទ្ធិបណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន សែន ​ដូចគ្នា។

ក្នុងនោះ លោកអភិបាល ក៏បាននាំនូវការយកចិត្តទុកដាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ​ និងជាប្រធាន សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ផងដែរ។ លោកប្រធានអនុសាខាកាកបាទក្រហម ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅ ដោយអនាម័យការរជានិច្ច ដើម្បីឲ្យមានសុខភាពល្អ រស់នៅបានយូរអង្វែង​បន្តរង់ចាំមើលការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ជាមួយគ្នានេះ លោក​ អ៊ាង​ ស៊ីផាន​ បានជម្រុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ខិតខំ​ប្រឹងប្រែង ​អនុវត្ត​ការងារ​ដោយណែនាំប្រជាពលរដ្ឋ ដែលមិនទាន់ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អោយរួសរាន់ទៅធ្វើអត្តសញ្ញាណ អោយទាន់ពេលវេលា ដើម្បីមានឯកសារគ្រប់គ្រាន់ សម្រាប់ចុះឈ្មោះឆ្នោត និងបោះឆ្នោត ឆ្នាំ២០១៧ខាងមុខ​៕